លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានតឿនរំឭកថា អ្នកគាំទ្ររបស់ក្លិបនេះ មិនត្រូវបង្កើតឲ្យមានហេតុការណ៍ដូចគ្នាមួយនៃការធ្វើឲ្យបែកកញ្ចក់រថយន្តក្រុងរបស់ក្រុម Manchester City តាមរយៈការចោលកំប៉ុង និងដបឡើយ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ជាមួយនឹងក្រុម Roma នាកីឡដ្ឋាន Anfield នៅរាត្រីនេះ។

Man City បានក្លាយជាក្រុមរងគ្រោះចុងក្រោយគេនៃរាត្រីប្រកួតក្របខ័ណ្ឌអឺរ៉ុប នៅលើទីលាន Anfield កាលពីរយៈពេល៣សប្តាហ៍មុន ខណៈដែលក្រុម Liverpool បាននាំមុខដល់ទៅ ៣-០ ពីការប្រកួតជើងទី១ មុននឹងបំពេញការឈ្នះទាំង២ជើងក្នុងលទ្ធផល ៥-១ លើក្រុមម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះ ក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ទោះបីជាយ៉ាងណា លោក Klopp ចង់ឲ្យរក្សាសីលធម៌ក្នុងកីឡដ្ឋាន ដោយគ្មានហេតុការណ៍អាក្រក់នៅខាងក្រៅទីលានដែលនាំឲ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA ស៊ើបអង្កេតឡើយ។

លោក Klopp បានឲ្យដឹងកាលពីថ្ងៃចន្ទថា៖ «នៅក្នុងកីឡដ្ឋាន សូមធ្វើឲ្យបានល្អម្តងទៀត។ នៅខាងក្រៅកីឡដ្ឋាន សូមបង្ហាញពីការគោរពដែលយើងត្រូវតែបង្ហាញ។ នេះគឺជាកីឡាបាល់ទាត់ដ៏អស្ចារ្យ ជាគ្រួសារកីឡាបាល់ទាត់ដ៏អស្ចារ្យមួយ មានភាពល្បីល្បាញសម្រាប់បរិយាកាសដ៏អស្ចារ្យទូទាំងពិភពលោក ហេតុនេះ យើងមិនចាំបាច់ចោលអ្វីទៅលើរថយន្តក្រុងរបស់ក្រុមជាគូប្រជែងឡើយ»។

ខ្សែប្រយុទ្ធដ៏ឆ្នើម Mohamed Salah ដែលរកបានគ្រាប់បាល់ដល់ទៅ ៤១គ្រាប់ក្នុងរដូវកាលទី១របស់គេសម្រាប់ Liverpool បានប្រាប់សារព័ត៌មាន CNN ថា៖ «រាត្រីនៃក្របខ័ណ្ឌ Champions League ក៏ពិសសសម្រាប់អ្នកគាំទ្រផងដែរ។ អ្នកអាចមានអារម្មណ៍បែបនោះនៅតាមដងវិថីនានា»។ តារាឆ្នើមរូបនេះបានបន្ថែមទៀតថា៖ «បរិយាកាសក្នុងការប្រកួតទី១ជាមួយនឹងក្រុម Man City គឺជាពេលវលាជាលើកទី១ដែលខ្ញុំពិតជាបានឃើញក្នុងលក្ខណៈបែបនោះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕