ខ្សែប្រយុទ្ធ Mohamed Salah បានផ្តល់ការឈឺចាប់ដ៏ធំដល់ក្លិបចាស់របស់គេគឺ Roma តាមរយៈការរកបានគ្រាប់បាល់បញ្ចូលទី ២គ្រាប់ដ៏អស្ចារ្យ និងជួយឲ្យមិត្តរួមក្រុមរកបាន ២គ្រាប់ផ្សេងទៀត ខណៈដែលក្រុម Liverpool បានបោះជំហានឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៥-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នាកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារ។
ខ្សែប្រយុទ្ធ Roberto Firmino ក៏បានរកគ្រាប់បាល់បញ្ចូលទី ២គ្រាប់ផងដែរ ហើយ Sadio Mane រកបាន ១គ្រាប់ផ្សេងទៀតសម្រាប់ក្រុម Liverpool ដើម្បីលុបលាងកំហុសចំពោះការធ្វើឲ្យខ្ជះខ្ជាយឱកាសល្អៗជាច្រើន ខណៈដែលគ្រាប់បាល់គួរតែកើតឡើងច្រើនជាងគេសម្រាប់ក្រុមម្ចាស់ផ្ទះ។
ក្រុម Roma បានបំពេញការវាយបកដ៏មិននឹកស្មានដល់មួយរួចជាស្រេចក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League តាមរយៈការលុបចោលលទ្ធផលដេញតាមពីក្រោយ ៤-១ ក្នុងការប្រកួតជើងទី១ ជាមួយនឹងក្រុម Barcelona ក្នុងវគ្គ៨ក្រុមចុងក្រោយ។ បច្ចុប្បន្ន ពួកគេនឹងត្រូវតែបង្កើតឲ្យមានអព្ភូតហេតុដូចគ្នានោះ ក្នុងការប្រកួតជើងទី២ នាថ្ងៃទី២ ខែឧសភា ខាងមុខ ប៉ុន្តែ ក្រុមភ្ញៀវ នៅតែមានសង្ឃឹម នៅពេលដែលខ្សែប្រយុទ្ធ Edin Dzeko និង Diego Perotti រកបានគ្រាប់បាល់ក្រៅដី ២គ្រាប់ដ៏សំខាន់ក្នុងរយៈពេល១០នាទីចុងក្រោយ។
លោក Eusebio Di Francesco គ្រូបង្វឹករបស់ក្រុម Roma បានឲ្យដឹងថា៖ «ការបញ្ចេញប្រតិកម្មនេះ គឺជាស្វាគមន៍មួយ ពីព្រោះយើងផ្តល់អត្ថន័យសម្រាប់ការប្រកួតជើងទី២។ យើងត្រូវតែជឿជាក់ ក្នុងកីឡាបាល់ទាត់រាល់អ្វីៗអាចកើតឡើងបានទាំងអស់។ វានឹងក្លាយជាការប្រកួតផ្សេងគ្នាមួយបើធៀទៅនឹងការប្រកួតជាមួយនឹងក្រុម Barcelona ប៉ុន្តែ ការស្រេកឃ្លានក្នុងការស្រោចស្រង់ក្នុងជើងទី២ គឺនៅតែមាន»៕
ខ្សែប្រយុទ្ធ Mohamed Salah បង្ហាញថ្វីជើងដ៏អស្ចារ្យ ខណៈ Roma ត្រូវការអព្ភូតហេតុ ក្រោយចាញ់ Liverpool
អត្ថបទទាក់ទង