(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba បានឆ្លើយតបថា រូបគេគ្មានបញ្ហាអ្វីជាមួយនឹងអ្នកចាត់ការទូទៅ Jose Mourinho ហើយបំណងផ្លាស់ចេញពី Manchester United ក៏គ្មានថ្ងៃកើតឡើងនោះដែរ។
ខ្សែបម្រើវ័យ២៥ឆ្នាំត្រូវបានដកចេញពីជម្រើស១១នាក់ដំបូងទាំងពីរជើងពេលចាញ់ Sevilla នៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League កាលខែកុម្ភៈ និងខែមីនា។ Pogba ថា លោក Mourinho គឺជាអ្នកចាត់ការ និងជាអ្នកសម្រេចចិត្ត។ ចំណែករូបគេជាកីឡាករ និងទទួលយក ហើយឆ្លើយតបនៅលើទីលាន។
កីឡាករជម្រើសជាតិបារាំងរូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហម កាលខែសីហា ឆ្នាំ២០១៦ ក្នុងតម្លៃឯតទគ្គកម្ម៨៩លានផោន និង រួមចំណែកឈ្នះ League Cup និង Europa League រដូវកាលមុន។
អតីតសមាជិកក្លឹប Juventus ជាជម្រើស១១នាក់ដំបូងយ៉ាងទៀតទាត់ តែមួយរយៈចុងក្រោយហាក់មិនស្ថិតក្នុងផែនការរបស់លោក Mourinho ឡើយ ហើយអ្នកចាត់ការជម្រើសជាតិបារាំង លោក Didier Deschamps និយាយថា លោកមិនសប្បាយចិត្តចំពោះស្ថានភាពរបស់ Pogba ពេលនេះទេ៕
Via: khmertalking