អ្នកចាំទី Thibaut Courtois និងឪពុក បានដាក់ពាក្យបណ្ដឹងលោកMarc Wilmots ពីបទបរិហារកេរ្តិ៍ ក្រោយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកបានចោទពួកគេថា បានធ្វើឲ្យបែកធ្លាយព័ត៌មានអំពីក្រុម ក្នុងអំឡុងពេល Euro ឆ្នាំ ២០១៦។
កាលពីពេលថ្មីៗនេះ លោក Wilmots បាននិយាយក្នុងកម្មវិធីទូរទស្សន៍កាតាមួយថា លោកបានទទួលដំណឹង កីឡាករចាំទី Courtois និងឪពុក បានធ្វើឲ្យបែកធ្លាយទាក់ទិននឹងព័ត៌មានផ្ទៃក្នុងស្ដីពីក្រុមជម្រើសជាតិបែលហ្សិកទៅឲ្យក្រុមអ្នកកាសែត នាអំឡុងកម្មវិធី Euro ជិត ២ឆ្នាំមុន។
ទោះជាយ៉ាងណា Courtios បានចេញមុខតបវិញនឹងការចោទប្រកាន់នេះ។ កីឡាករបែលហ្សិកបានបង្ហោះក្នុងគណនីផ្លូវការ Instagram របស់ខ្លួនថា៖ “លោក Wilmots ! នេះមិនមែនជាលើកទី ១ ទេ ដែលលោកឯងបាននិយាយមូលបង្កាច់ខ្ញុំជាសាធារណៈ ដែលទង្វើនេះប៉ះពាល់ណាស់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំ។ ដូច្នេះ ខ្ញុំ និងឪពុកខ្ញុំបានសម្រេចដាក់ពាក្យប្ដឹងលោក ពីបទបរិហារកេរ្តិ៍”។
លោក Wilmots បានធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកពីឆ្នាំ ២០១២ ដល់ ២០១៦។ ក្នុងEuro ២០១៦ ក្រុមរបស់លោកបានទម្លាក់ដោយវេលក្នុងវគ្គ ៨ក្រុម ចុងក្រោយ។ ក្រោយមកលោកគ្រូបង្វឹករូបនេះ បានទៅដឹកនាំជម្រើសជាតិកូឌីវ័រ នៅដើមឆ្នាំ ២០១៧ តែមិនជោគជ័យ ក៏ត្រូវបានបញ្ចប់ពីតួនាទីនៅចុងឆ្នាំដដែល ក្រោយមិនអាចជួយប្រទេសអាហ្វ្រិកមួយនេះឲ្យឡើងលេង World Cup ២០១៨ បាន៕
Via :news.sabay