ខ្សែស្លាប Mohamad Salah នឹងទទួលបានដីមួយកន្លែង ក្នុងទីក្រុង Mecca ដែលជាទីក្រុងដ៏ពិសិដ្ឋបំផុតក្នុងសាសនាឥស្លាម។
ទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអ៊ូឌីត
បើតាមសារព័ត៌មានមានមូលដ្ឋាននៅអារ៉ាប៊ីសាអ៊ូឌីតឈ្មោះថា Sabq ចៅហ្វាយរងក្រុង Mecca លោក Fahd Al Rooqiកាលពីថ្ងៃចន្ទ បានប្រកាសថា លោកនឹងផ្ដល់ដីមួយកន្លែងក្នុងទីក្រុងមួយនេះទៅ Salah ដើម្បីជាការអបអរដល់ការឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំនៅ Premier League របស់កីឡាករអេហ្ស៊ីប។ លោកក៏បានគូសបញ្ជាក់ទៀតថា មូលហេតុមួយទៀតនៅពីក្រោយការផ្ដល់អំណោយនេះ គឺដើម្បីគាំទ្រដល់យុវជនក្មេងៗឲ្យខិតខំបន្ថែម និងយក Salah ធ្វើជាគំរូ។
ទាក់ទិននឹងរឿងដីអំណោយមួយកន្លែងនោះវិញ លោកចៅហ្វាយរងរូបនេះ បានផ្ដល់ជម្រើសមួយចំនួនឲ្យកីឡាករអេហ្ស៊ីប។ ទីមួយគឺ ប្រសិនបំពេញបែបបទស្របតាមនីតិវិធីច្បាប់អារ៉ាប៊ីសាអ៊ូឌីត Salah អាចមានសិទ្ធិធ្វើជាម្ចាស់ដីនោះបាន។ ជម្រើសទី ២ គឺ អាចយកដីអំណោយទៅសង់វិហារឥស្លាម ឬបើកមូលនិធិសប្បុរសធម៌។ ទី៣ គឺកីឡាករអាចលក់ដីនោះ យកលុយតែម្ដង។
សូមបញ្ជាក់ផងដែរ Salah បានបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យ Liverpool ក្នុងរដូវកាលនេះ។ កីឡាករស៊ុតចូល ៤៣ គ្រាប់ (គ្រប់កម្មវិធី) និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតចំនួន ១៥ លើក។ កីឡាករឈ្នះរង្វាន់កីឡាករឆ្នើមប្រចាំខែ ៣ លើក ជាប់ឈ្មោះក្នុងក្រុមល្អបំផុតប្រចាំឆ្នាំ និងឈ្នះពានរង្វាន់ PFA Players’ Player of the Year ក្នុងលីគកំពូលអង់គ្លេស៕
Via :news.sabay