កាលពីដើមខែនេះ ខ្សែប្រយុទ្ធ Crisitiano Ronaldo ទើបឲ្យអំណោយស្បែកជើងមួយគូ ទៅកីឡាករវ័យក្មេង Marcus Rashford។ ថ្ងៃនេះ កីឡាករព័រទុយហ្គាល់ បានឲ្យកាដូមួយទៀតទៅ ខ្សែប្រយុទ្ធអង់គ្លេស។
អំណោយនោះគឺ អាវ Real Madrid របស់ខ្សែប្រយុទ្ធ Crisitano Ronaldo។ នៅផ្នែកខាងក្រោយនៃអាវនោះមានហត្ថលេខារបស់កីឡាករព័រទុយហ្គាល់ និងបានសរសេរថា៖ “ជូនចំពោះ Marcus! បន្តប្រឹងប្រែងនូវការលេងដ៏ល្អរបស់អ្នក”។
ការផ្ដល់កាដូនេះ ធ្វើឡើងក្នុងន័យគាំទ្រការបង្ហាញទម្រង់លេងល្អរបស់ខ្សែប្រយុទ្ធ Rashford។ កីឡាករអង់គ្លេសគឺជាកីឡាករដ៏សំខាន់មួយរូបនារដូវកាលនេះរបស់ Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho។ Rashford បានលេង ៤៧ប្រកួត (គ្រប់កម្មវិធី) និងស៊ុតចូល ១២ គ្រាប់ ព្រមទាំងបានជាប់ឈ្មោះជាបេក្ខភាពប្រជែងពានរង្វាន់កីឡាករក្មេងឆ្នើមបំផុតប្រចាំឆ្នាំនៅលីគកំពូលអង់គ្លេស។
Ronaldo និង Rashford ត្រូវបានគេមើលឃើញថាមានទំនាក់ទំនងពិសេស។ ក្រៅពីអំណោយទាំងពីរខាងលើ កន្លងមក ខ្សែប្រយុទ្ធព័រទុយហ្គាល់តែងនិយាយសរសើរជារឿយៗអំពីកីឡាករវ័យ ២០ឆ្នាំនៅតាមសារព័ត៌មានល្បីៗ។ កាលពី ២០១៧ Ronaldo ថែមទាំងនិយាយទៀតថា Rashford អាចនឹងឈ្នះ Ballon D’or នាថ្ងៃអនាគត។
Ronaldo លេងឲ្យបិសាចក្រហមពីឆ្នាំ ២០០៣ ដល់ ២០០៩៕