កីឡាករខ្សែបម្រើប្រយុទ្ធ Alex Oxlade Chamberlain មិនអាចជួយក្រុមជម្រើសជាតិតោកំណាចអង់ គ្លេស នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីបានឡើយ ដោយសារតែទទួលរងរបួសជង្គង់ធ្ងន់ ធ្ងរក្នុងជំនួប Champions League។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨នេះថា កីឡាករវ័យ២៤ឆ្នាំ Chamberlain ត្រូវបានប្តូរចេញវិញត្រឹមចាប់ផ្តើមលេងបាន ១៥នាទីដើមវគ្គទី១ ក្រោយប៉ះគ្នាជាមួយខ្សែការពារ Aleksander Kolarov នៃក្លឹបអ៊ីតាលី AS Roma។

ជាមួយលទ្ធផល ក្រោយពីការ Scan នាថ្ងៃពុធម្សិលមិញនេះបានបង្ហាញថា អតីតកីឡាករក្លឹបកាំភ្លើងធំ Arsenal ដែល មកចូលរួមជាមួយ Liverpool នៅដើមរដូវកាលនេះនឹងមិនអាចចូលរួម World Cup 2018 ដែលនឹងចាប់ផ្តើមនៅរុស្ស៊ី នាខែមិថុនាខាងមុខនេះឡើយ។ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ស្ថិតក្នុងពូល G ដែលត្រូវប្រជែងជាមួយទុយនេស៊ី ប៉ាណាម៉ា និងប៊ែលហ្ស៊ិក ក្នុងវគ្គសន្សំពិន្ទុ៕