ការប្រកួតហ្វុតសាលនារីដណ្តើមពានរង្វាន់ខេមអេដ ប្រចាំឆ្នាំ២០១៨ (CamEd Women’s Futsal Tournament 2018) បានរកឃើញក្រុមនារីជើងខ្លាំង ដែលទទួលបានចំណែកជើងឯកហើយ ខណៈបច្ចេកទេសនៃការលេង សម្រាប់រដូវកាលថ្មីនេះ ត្រូវបានអ្នកផ្តួចផ្តើមការប្រកួតនេះលើកឡើងថា មានការកើនឡើងខ្លាំង។
ក្រុម Duchess ដែលជាម្ចាស់ជើងឯក កាលពីឆ្នាំ២០១៧ នៅតែរក្សាតំណែងរបស់ខ្លួនបានយ៉ាងជោគជ័យ ក្នុងការប្រកួតហ្វុតសាលនារីដណ្តើមពានរង្វាន់ខេមអេដ ប្រចាំឆ្នាំ២០១៨ ពាននៅឆ្នាំនេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុមមួយនេះ បានឈ្នះគ្រប់ការប្រកួតទាំងអស់តែម្តង។
នៅក្នុងការប្រកួតជម្រុះតាមពូលទាំង៤ ដែលមានក្រុមចូលរួមសរុបចំនួន២០នោះ ក្រុម Duchess បានឈ្នះទាំង ៤ប្រកួត ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំពូលC។ បន្ទាប់មកក្រុមមួយនេះ បានបន្តយកឈ្នះក្រុមលេខ២ ពូលD Wind Storm ៤-១ នៅវគ្គ ៨ក្រុម និងបានទម្លាក់ក្រុម The Green ៤-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ Duchess បានយកឈ្នះក្រុម Darker ៣-០ ដើម្បីបន្តរក្សាតំណែងជើងឯករបស់ខ្លួន។
ចំណែកក្រុម The Green បានយកឈ្នះក្រុម Felix Felicis ៣-០ កាលពីថ្ងៃអាទិត្យនោះដែរ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ហើយកីឡាការិនី ហ៊ន ម៉ូលីដា របស់ The Green បានឈ្នះស្បែកជើងមាសប្រចាំព្រឹត្តិការណ៍នេះ ព្រោះរកបានគ្រាប់បាល់ច្រើនជាងគេ គឺរហូតដល់២៩គ្រាប់។ រីឯពាន Fair play បានទៅលើក្រុម Felix Felicis។
លោក Casey Barnett នាយកវិទ្យាស្ថានខេមអេដ និងជាស្ថាបនិកបង្កើតពាន CamEd នេះឡើង បានសម្តែងការកោតសរសើរទៅដល់ក្រុមនិស្សិតទាំង២០ក្រុម ដែលបានចូលរួម ក្នុងការប្រកួត នៅឆ្នាំនេះ ហើយលោកបានមើលឃើញថា បច្ចេកទេសលេងរបស់ពួកគេ មានការរីកចម្រើន ជាងការប្រកួតរដូវកាលមុនៗ។
លោក Casey បានថ្លែងក្នុងពិធីប្រគល់ពាន កាលពីថ្ងៃអាទិត្យនោះថា៖ «ការប្រកួតកាលឆ្នាំទី១ យើងឃើញថា ពួកគេមានបច្ចេកទេសលេងខ្សោយមែនទែន ប៉ុន្តែតាមរយៈការប្រកួតជាបន្តបន្ទាប់រយៈពេល៥ឆ្នាំនេះ គឺធ្វើឲ្យបច្ចេកទេសលេងហ្វុតសាលរបស់ពួកគេ មានការកើនឡើងយ៉ាងខ្លាំង សម្រាប់ការប្រកួតនៅឆ្នាំនេះ»។
បុរសជនជាតិអាមេរិក លោក Casey Barnett បានបន្ថែមថា៖ «ការបង្កើតឲ្យពាននេះឡើង គឺយើងចង់បង្រៀនសិស្សរបស់យើងឲ្យមានជំនាញ សម្រាប់ជោគជ័យក្នុងការងារ ជីវិត និងក្នុងក្រុមគ្រួសារ ព្រោះការប្រកួតនេះ បានបង្រៀនពួកគេ ឲ្យចេះធ្វើការងារជាក្រុម ធ្វើជាអ្នកគ្រប់គ្រង ធ្វើជាអ្នកវាយតម្លៃ ហើយចេះធ្វើការងារនៅក្នុងសម្ពាធ ដែលនេះជាមេរៀនអាចជួយឲ្យពួកគេ ទទួលបានជោគជ័យ ពេលពួកគេចេញទៅបំពេញកាងារ ឬបើកមុខជំនួញអ្វីមួយ»៕
ពានហ្វុតសាលខេមអេដ រកឃើញក្រុមនារីជើងខ្លាំង ប្រចាំឆ្នាំ២០១៨
អត្ថបទទាក់ទង