Real Madrid កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី៣ជាប់ៗគ្នា ក្រោយពីខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ដើម្បីទម្លាក់ក្រុម Bayern Munich កាលពីថ្ងៃអង្គារ និងកក់កៅអីរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្រុម Bayern ដែលបានដេញតាមពីក្រោយ ២-១ ក្រោយពីការប្រកួតជើងទី១ ក្នុងប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុននោះ ហាក់ដូចជាមានសមត្ថភាពក្នុងការបំពេញការវាយបកដ៏មិននឹកស្មានដល់របស់ខ្លួនក្នុងក្របខ័ណ្ឌអឺរ៉ុបនៅរដូវកាលនេះទៅហើយ នៅពេលខ្សែបម្រើ Joshua Kimmich បានរកគ្រាប់បាល់បើកឆាក ហើយតារាឆ្នើម James Rodriguez បានតាមស្មើក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីលេងបានរយៈពេល ១ម៉ោង។ ប៉ុន្តែ ការរកគ្រាប់បាល់ ២គ្រាប់ក្នុងចន្លោះគ្រាប់បាល់ទាំងនោះ ដោយគ្រាប់បាល់ទី១ ជាការតែតបាល់បញ្ចូលទី ហើយគ្រាប់បាល់ទី២ ជាការស៊ុតបាល់បញ្ចូលទីដោយងាយសម្រួល ក្រោយពីការធ្វេសប្រហែសរបស់អ្នកចាំទី Sven Ulreich នៃក្រុម Bayern គ្រប់គ្រាន់ក្នុងការជួយឲ្យក្រុម Real បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ និងឈ្នះទាំង២ជើង ៤-៣ តែម្តង។

ការរកបានគ្រាប់បាល់ ២គ្រាប់របស់ Benzema បានបំពេញនូវភាពជោគជ័យមួយផ្សេងទៀតសម្រាប់លោកគ្រូបង្វឹក Zinedine Zidane ដែលបានដាក់ឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ លេងក្នុងជម្រើសដំបូង បើទោះបីរកបានត្រឹមតែ ១គ្រាប់ក្នុងការប្រកួត ១២លើកចុងក្រោយរបស់គេក៏ដោយ។ វាជាការសម្រេចចិត្តដ៏ក្លាហានមួយផ្សេងទៀតពីគ្រូបង្វឹករបស់ក្រុម Real ដែលបច្ចុប្បន្នកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបង្កើតប្រវត្តិសាស្ត្រដោយខ្លួនលោកផ្ទាល់ ខណៈដែលមានតែលោក Carlo Ancelotti និងលោក Bob Paisley ប៉ុណ្ណោះ គឺជាអ្នកចាត់ការទូទៅផ្សេងទៀតដែលបានឈ្នះពានក្រខ័ណ្ឌកំពូលអឺរ៉ុប៣លើក៕

ប្រភព៖ Channel News Asia