Hector Bellerin នឹងត្រៀមផ្លាស់ចេញពីក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅខាងមុខ។ អតីតកីឡាករយុវជនក្លឹប Barcelona FC រូបនេះកំពុងមានរដូវកាលរង្គោះរង្គើរនៅកីឡាដ្ឋាន Emirate Stadium នារដូវកាលនេះ។

ទោះបីជាយ៉ាងណាមានក្លឹបធំៗនៅអ៊ឺរ៉ុបចង់ ចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអេស្បាញរូបនេះ ខណៈដែលក្រុម Arsenal កំពុងត្រៀមរៀបចំផែនកែប្រែ និងរុះរើទម្រង់លេងរបស់ក្រុមឡើងវិញ ក្រោយការចាកចេញរបស់លោក Arsene Wenger។ អ្វីគ្រប់យ៉ាងបង្ហាញថាក្រុមកាំភ្លើងធំត្រូវការសាច់ប្រាក់យ៉ាងច្រើនហើយ Bellerin មានតម្លៃប្រហែល ៤០លានអឺរ៉ូ។ ដូច្នេះកីឡាករវ័យ ២៣ឆ្នាំរូបនេះគឺជាជម្រើសមួយដ៏ល្អបំផុតរបស់ពួកគេដើម្បីលក់ចេញ។

អតីតខ្សែការពាររបស់ក្លឹប Catalan រូបនេះត្រូវបានក្រុមចាស់គឺ Barcelona ចង់បានរូបគេត្រលប់ទៅមក្រុមវិញកាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែទីបំផុតក្រុមបាននាំយកខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Nelson Semedo មកជំនួសវិញ។ Juventus ជាក្លឹបមួយបានសម្តែងការចាប់អារម្មណ៏លើ Bellerin ខណៈក្រុមការពារតំណែងជើងឯក SerieA មួយនេះ មិនទាន់អាចរកឃើញអោយប្រាកដនៅខ្សែការពារស្ដាំណាមួយដែលមានឥទ្ធិពល និងជួយក្រុមបានច្រើននៅឡើយ ទោះបីជាបច្ចុប្បន្នមានកីឡាករដូចជាៈ Lichtsteiner, Cuadrado, De Sciglio, និង Howedes ក៏ដោយចុះ។យ៉ាងណាមិញ Bellerin ត្រូវបានក្រុម Juventus សង្ឍឹមថាអាចជួយពួកគេធ្វើឱ្យប្រសើរឡើងនៅពេលខាងមុខ។

ក្លឹបមួយទៀតមានចំណាប់អារម្មណ៍គឺក្រុមតោខៀវ Chelsea ខណៈដែលអនាគតរបស់គ្រូបង្វឹកលោក Antonio Conte កំពុងជួបភាពមិនច្បាស់លាស់នៅឡើយទេ។ ក្រុមបិសាចក្រហម Man.United គឺជាក្លឹបដែលមានខ្សែការពារ ៥នាក់រូចទៅហើយ ប៉ុន្តែ Bellerin គឺជាបេក្ខភាពមួយដែលអាចផ្លាស់ទៅលេងនៅទីនោះបានផងដែរ។