ប្រហែលជាគ្មានការប្រកួតមួយណាក្នុងវគ្គផ្តាច់ព្រ័ត្រ មានភាពមិនស៊ីគ្នាច្រើនដូចជាការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ French Cup នៅរាត្រីនេះឡើយ ដែលនឹងតម្រូវអោយក្រុមយក្ស Paris Saint-Germain ប៉ះជាមួយនឹងក្រុមដ៏តូច Les Herbiers។
វានឹងក្លាយជារឿងគួរឲ្យភ្ញាក់ផ្អើលដ៏ធំមួយសម្រាប់ក្រុម PSG ប្រសិនបើពួកគេភ្លាត់ស្នៀតក្រុមមួយ ដែលមិនមានកីឡាករឆ្នើមៗ និងកំពុងតែត្រដាបត្រួសក្នុងការរក្សាវត្តមានក្នុងក្របខ័ណ្ឌស្ម័គ្រចិត្តលំដាប់ទី៣ របស់បារាំង។ PSG ទើបតែបានឈ្នះពានក្របខ័ណ្ឌ Ligue 1 និងកំពុងតែសង្ឃឹមថា នឹងឈ្នះរាល់ពានក្នុងស្រុកទាំងអស់ នៅពេលពួកគេត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Stade de France ក្នុងការប្រកួតមួយដែលនឹងត្រូវចូលរួមដោយលោកប្រធានាធិបតី Emmanuel Macron។
ការទទួលបានប្រាក់ចំណេញជិត ៥០០លានអឺរ៉ូ (ស្មើនឹង៥៩៦លានដុល្លារអាមេរិក) ធ្វើឲ្យពួកគេក្លាយជាក្លិបអ្នកមានលំដាប់ទី៧ ក្នុងពិភពលោក។ នេះបើយោងទៅតាមការចេញផ្សាយចុងក្រោយបំផុតស្តីពីតារាង Football Money League របស់អង្គភាព Deloitte។ ប្រាក់ចំណូលទាំងនោះ បានជួយឲ្យពួកហានជះប្រាក់ ២២២លានអឺរ៉ូ ដើម្បីទិញយក Neymar កាលពីឆ្នាំមុន និងចំណាយប្រាក់ ១៨០លាបនអឺរ៉ូ ដើម្បីទិញយកខ្សែប្រយុទ្ធ Kylian Mbappe ពីក្លិប Monaco។ ជាមួយនឹងការមានកីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្របាន ១៣០០នាក់ គម្រោងថវិកាប្រចាំឆ្នាំរបស់ Les Herbiers មានចំនួនប្រមាណជា ២លានអឺរ៉ូ ហើយចំនួននេះ រារាំងពួកគេមិនឲ្យផ្តល់ប្រាក់ខែច្រើនជាង៣០០០អឺរ៉ូ ក្នុងមួយខែសម្រាប់កីឡាកររបស់ពួកគេឡើយ។ តួលេខនេះ បង្ហាញថា ក្រុម PSG នឹងឈ្នះពាន French Cup សម្រាប់រយៈពេល ៤ឆ្នាំជាប់ៗគ្នាដោយងាយ និងជាលើកទី១២ បើសរុបទាំងអស់ ប៉ុន្តែក្រុម Les Herbiers មិនបានបារម្ភពីបញ្ហានោះឡើយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:០៥ទៀបភ្លឺ៕