អ្នកចាំជើងចាស់ Gianluigi Buffon របស់អ៊ីតាលី នឹងលេងការប្រកួតចុងក្រោយរបស់គេសម្រាប់ក្រុម Juventus ក្រោយពីប្រកបអាជីពអស់រយៈពេល ១៧ឆ្នាំនៅឯក្លិបនេះ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Verona ក្នុងការប្រកួតក្របខ័ណ្ឌ Serie A នៅថ្ងៃសៅរ៍នេះ។
នេះបើយោងទៅតាមការបញ្ជាក់របស់គេនៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ អ្នកចាំទីវ័យ ៤០ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «ថ្ងៃសៅរ៍នេះ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំសម្រាប់ Juventus ខ្ញុំគិតថា វាជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ចប់ដំណើរផ្សងព្រេងដ៏អស្ចារ្យមួយ»។ ប៉ុន្តែ ទោះបីជាយ៉ាងណា សមាជិកឈ្នះពាន World Cup ឆ្នាំ២០០៦ រូបនេះ ស្ទើរតែស្រក់ទឹកភ្នែកជាច្រើនលើក ដោយមិនបានបញ្ជាក់ថា រូបគេនឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់ ឬយ៉ាងណាឡើយ។
Buffon បានឲ្យដឹងថា៖ «ចាប់ពីពេលនេះទៅ ខ្ញុំត្រឹមតែដឹងថា ថ្ងៃសៅរ៍នេះ ខ្ញុំនឹងលេងការប្រកួតមួយ។ កាលពីប៉ុន្មានថ្ងៃមុន វាមានភាពជាក់លាក់ថា ខ្ញុំឈប់លេងកីឡាបាល់ទាត់។ បច្ចុប្បន្ន មានសំណើដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន»។ Buffon ធ្លាប់មានគម្រោងបញ្ចប់អាជីពរសប់គេក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ដែលនឹងក្លាយជាយុទ្ធនាការលើកទី៦របស់គេ ប៉ុន្តែ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានធ្លាក់ចេញពីយុទ្ធនាការជម្រុះ ៕
Buffon នឹងត្រូវលេងការប្រកួតចុងក្រោយសម្រាប់ Juventus ថ្ងៃសៅរ៍នេះ
អត្ថបទទាក់ទង