
កីឡករ Fernando Torres បានស៊ុតបាល់បញ្ចូលទី២គ្រាប់តែម្នាក់ឯងនៅប្រកួតចុងក្រោយឲ្យក្រុម Atletico Madrid ស្មើគ្នា ២-២ ជាមួយ Eibar។

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំត្រូវកីឡាករក្រុមភ្ញៀវឈរធ្វើរបងកិត្តិយសទះដៃ ស្របពេលអ្នកគាំទ្រ Atletico ទាំងអស់បាននាំគ្នាលើកអក្សរធំៗ De Nino A Leyenda មានន័យថា “ពីកុមារម្នាក់ទៅជាវីរបុរស” អមជាមួយនឹងលេខ៩របស់គេ។

ប្រកួតយប់មិញ Kike បានរកគ្រាប់នាំមុខឲ្យ Eibar បានមុននៅនាទី៣៥ មុនពេល Torres តាមស្មើនៅនាទី៤២។ នៅវគ្គទីពីរនាទី៦០ អតីតខ្សែប្រយុទ្ធ Liverpool និង Chelsea ស៊ុតបាន១គ្រាប់ទៀតឲ្យម្ចាស់ផ្ទះនាំមុខ តែក្រោយ Hernández បានកាតក្រហមធ្វើឲ្យ Atletico សល់គ្នាត្រឹម១០នាក់និងរបូតគ្រាប់បាល់នៅនាទី៧០ ដោយសារការស៊ុតរបស់ Peña៕



