ខ្សែបម្រើការពារ Nemanja Matic របស់ Manchester United បានលើកឡើងថាក្រុមរបស់ខ្លួនត្រូវការស៊ីញេកីឡាករដែលមានបទពិសោធនៅក្នុងរដូវក្ដៅឆ្នាំ២០១៨នេះ Man Utd បានបរាជ័យវគ្គផ្ដាច់ព្រ័ត្រ FA Cup ក្រោមថ្វីជើង Chelsea កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបញ្ចប់ Premier League ក្នុងចំណាត់ថ្នាក់លេខ២ក្នុងរដូវកាលទី២របស់លោក Jose Mourinho ដោយនៅក្រោមក្រុមជើងឯក Manchester City ដល់ទៅ១៩ពិន្ទុ។

លទ្ធផលនេះកើតឡើងក្រោយក្លិបចាយ១៤៨លានផោនក្នុងរដូវក្ដៅឆ្នាំមុន រួមទាំងការនាំចូល Matic និង Romelu Lukaku។ ប៉ុន្តែ Matic ជឿថាពួកគេអាចប្រជែងជើងឯក Champions League បាន បើសិនក្នុងរដូវក្ដៅឆ្នាំនេះ ក្លិបនាំចូលកីឡាករមានបទពិសោធ។

កីឡាករជម្រើសជាតិស៊ែបវ័យ២៩ឆ្នាំ និយាយថា ៖ “ក្រុមតែមួយគត់ដែលល្អជាងយើងឆ្នាំនេះគឺ Man City។ ពិតណាស់ ពួកគេលេងបាល់យ៉ាងអស្ចារ្យ។ ប៉ុន្តែពួកយើងស្ថិតនៅលេខ២ ហើយយើងស្ថិតក្នុងពាន Champions League រដូវកាលក្រោយ ដែលជារឿងសំខាន់បំផុត។ ខ្ញុំគិតថាយើងត្រូវការកីឡាករខ្លះដែលមានបទពិសោធដើម្បីនាំគុណភាពបន្ថែមមកក្នុងក្រុមរបស់យើង”។

សូមបញ្ជាក់ថា២រដូវកាលចុងក្រោយតាំងពីលោក Mourinho ចូលដឹកនាំ Man Utd បានចាយអស់២៦១.៦៧លានផោន តិចជាង Man City ៩៨.៣៧លានផោន ក្នុងនោះមានទាំងការនាំចូល Paul Pogba ក្នុងតម្លៃឯតទគ្គកម្មចាស់៨៩លានផោន។ Lukaku មករដូវក្ដៅឆ្នាំមុនតម្លៃ៧៥លានផោន, Matic តម្លៃ៤០លានផោន។ ក្រៅពីនេះមានខ្សែការពារ Victo Lindelof, Eric Bailly ខណៈ Alexis Sanchez មកដល់ក្នុងខែមករាឆ្នាំ២០១៨នេះ។

Man Utd ឈ្នះជើងឯក Premier League លើកចុងក្រោយក្នុងរដូវកាល២០១២-១៣ ដែលជាឆ្នាំដឹកនាំចុងក្រោយរបស់លោក Sir Alex Ferguson។ តាំងពីនោះមកពួកគេបានត្រឹមលេខ៧, លេខ៤, លេខ៥ និងលេខ២រដូវកាលនេះ៕