គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានលើកឡើងថាក្រុមរបស់លោករួចរាល់ហើយសម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ទល់នឹង Liverpool នៅទីក្រុង Kiev ថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Zidane បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដោយថា ៖ “ខ្ញុំនឹងមិនប្រាប់អ្នកអំពីប្រព័ន្ធលេងឬកីឡាករដែលត្រូវលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Liverpool ឡើយ។ អ្វីដែលខ្ញុំនឹងប្រាប់អ្នកគឺថាក្រុមរបស់ខ្ញុំរួចរាល់ហើយ។ ពួកយើងគ្មានបញ្ហារបួសទេនៅថ្ងៃនេះ ដែលជារឿងសំខាន់បំផុតសម្រាប់ខ្ញុំនិងកីឡាករ។ ឥឡូវយើងទាំងអស់គ្នាត្រៀមខ្លួនដើម្បីលេងការប្រកួតចុងក្រោយ គឺវគ្គផ្ដាច់ព្រ័ត្ររបស់យើង ដែលជារឿងដ៏ស្រស់បំព្រងបំផុតប្រចាំរដូវកាល”។

នៅពេលសួរថាបើសិនអាចជ្រើសបាន រវាង La Liga និង Champions League លោកជ្រើសមួយណា លោក Zidane តបថា៖ “យើងមិនអាចនិយាយពី La Liga បានទេ។ វាចប់ហើយ។ អ្វីដែលយើងមានគឺវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយខ្ញុំអាចប្រាប់អ្នកបានថាពួកយើងសប្បាយចិត្តណាស់ក្នុងការលេងវគ្គផ្ដាច់ព្រ័ត្រ។ យើងមិនត្រូវការជ្រើសរើសទេ។

យើងចង់ឈ្នះគ្រប់ពាន ប៉ុន្តែឆ្នាំនេះវាមិនអាចទៅរួចក្នុងការឈ្នះ La Liga ដូច្នេះវាជាពេលដែលយើងត្រូវផ្ដោតលើវគ្គផ្ដាច់ព្រ័ត្រ Champions League”៕
Via: keiladaily