គ្រូបង្វឹកថ្មីរបស់ Paris St Germain លោក Thomas Tuchel បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៃការបង្ហាញខ្លួនជាផ្លូវការថ្ងៃអាទិត្យទី២០ខែឧសភាឆ្នាំ២០១៨ថា លោករំភើបក្នុងការចាប់ផ្ដើមការងារបង្វឹកកីឡាករនៅទីនេះ ប៉ុន្តែមុនអាចសម្រេចបានជ័យជម្នះ មានរឿងតូចៗជាច្រើននៅក្នុងក្រុមដែលត្រូវការផ្ដោតទៅលើ។

គ្រូវ័យ៤៤ឆ្នាំនិយាយថា ៖ “រឿងតូចៗគឺជារឿងធំៗ។ គោលដៅគឺខ្ពស់បំផុតនៅក្នុងក្លិបនេះ។ យើងនៅទីនេះដើម្បីឈ្នះ ប៉ុន្តែវាឆាប់ពេកក្នុងការនិយាយពីរឿងធំៗ។ វាសំខាន់ណាស់ដែលយើងចាប់ផ្ដើមនិយាយអំពីរឿងតូចៗ ហើយមិនត្រឹមតែនិយាយទេ គឺត្រូវធ្វើរឿងទាំងនោះឱ្យបាន”។ លោក Tuchel បន្ថែមថាលោកមិនខ្លាចតារាល្បីៗឡើយ។​​ PSG បានជ្រើសរើសយកគ្រូជនជាតិអាល្លឺម៉ង់រូបនេះមកជំនួសលោក Unai Emery ដើម្បីបង្កើនក្ដីសង្ឃឹមក្នុងពាន Champions League បន្ទាប់ពីបរាជ័យជាច្រើនឆ្នាំជាប់គ្នា។ លោក Tuchel ជាអតីតគ្រូបង្វឹក Mainz និង Dortmund បានចុះកិច្ចសន្យា២ឆ្នាំជាមួយក្លិបយក្សបារាំងវិនិយោគដោយកាតារនេះ។

សូមរំឭកថា លោក Tuchel បានចេញពី Dortmund ក្នុងរដូវក្ដៅឆ្នាំ២០១៧ទាំងនៅសល់កិច្ចសន្យា១ឆ្នាំ ដោយសារតែទំនាក់ទំនងល្អក់កករជាមួយថ្នាក់ដឹកនាំក្លិប បន្ទាប់ពីឈ្នះពាន German Cup៕