ក្រុម Inter Milan ដណ្តើមបានកៅអីចុងក្រោយនៃក្របខ័ណ្ឌ Champions League តាមរយៈការវាយបកដេញតាមពីក្រោយដើម្បីផ្តួលក្រុម Lazio ក្នុងលទ្ធផល ៣-២ នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ នាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃអាទិត្យ។

Inter ត្រូវតែឈ្នះដើម្បីកៅអីលេខ ៤ពីក្រុម Lazio ដែលមានលទ្ធផលល្អជាងពីការជួបគ្នារវាងក្រុមទាំង២ និងត្រូវការត្រឹមតែស្មើគត់។ គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែប្រយុទ្ធ Mauro Icardi និងខ្សែបម្រើ Matias Vecino បានជួយឲ្យក្រុម Inter វិលទៅកាន់ក្របខ័ណ្ឌកំពូលអឺរ៉ុបវិញ ជាលើកទី១ បើគិតចាប់តាំងពីរដូវកាលឆ្នាំ២០១១-២០១២ រួមជាមួយនឹងក្រុម Juventus, Napoli និង AS Roma។

ទាំងក្រុម Inter និង Lazio បានបញ្ចប់ដោយមាន ៧២ពិន្ទុដូចគ្នា ប៉ុន្តែ Inter បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ ដើម្បីទុកឲ្យក្រុម Lazio ក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុម Roma ចំនួន ៥ពិន្ទុ កាលពីថ្ងៃអាទិត្យ។ Lazio នឹងត្រូវទៅលេងក្នុងក្របខ័ណ្ឌ Europa League រួមជាមួយនឹងក្រុម AC Milan ដែលបានឈ្នះកៅអីទៅលេងក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌនេះដោយស្វ័យប្រវត្តិ ក្រោយពីបានយកឈ្នះលើក្រុម Fiorentina ក្នុងលទ្ធផល ៥-១៕

ប្រភព៖ Channel News Asia