ខ្សែការពារ Gary Cahill ដែលជាប្រធានក្រុមនៃក្រុម Chelsea បានជំរុញឲ្យថ្នាក់ដឹកនាំរបស់ក្លិបនេះ បញ្ចប់ភាពស្រពេចស្រពិលជុំវិញអនាគតរបស់លោក Antonio Conte នៅឯកីឡដ្ឋាន Stamford Bridge ក្រោយពីបានដឹកនាំឲ្យក្រុមនេះឈ្នះពាន FA Cup ខណៈដែលជ័យជម្នះត្រូវបានចាត់ទុកថា ជាការសង្គ្រោះរដូវកាលរបស់ក្លិប។

Chelsea ត្រូវបានគេរំពឹងទុកថា នឹងបណ្តេញលោក Conte ចេញពីតំណែង បើទោះបីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងរបស់ខ្លួន ក្នុងការបន្តការដឹកនាំក្នុងរយៈពេល ១២ខែចុងក្រោយនៃកិច្ចសន្យាដែលផ្តល់ប្រាក់ចំណូល ៩លានផោន ក្នុង១ឆ្នាំរបស់លោក។ ការបញ្ជាក់ពីគោលបំណងរបស់លោក ត្រូវបានធ្វើឡើង ក្រោយពីក្រុម Chelsea បានយកឈ្នះលើក្រុម Manchester United ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍។

ជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះ ឈ្នះពានដ៏ធំមួយទាំង២ រដូវកាលរបស់លោកក្នុងនាមជាគ្រូបង្វឹក ប៉ុន្តែ ទំនាក់ទំនងរបស់លោកជាមួយនឹងថ្នាក់ដឹកនាំ ដែលបានបែកបាកកាលពីរដូវក្តៅមុន ហាក់ដូចជាស្ថិតក្នុងស្ថានភាពដែលមិនអាចជួសជុលបានឡើយ។ លោក Conte បានបញ្ចេញពីការត្អូញត្អែរបស់លោក ពោលគឺផ្តោតទៅលើគោលនយោបាយទិញចូលកីឡាករ ក៏ដូចជារិះគន់ទៅលើយុទ្ធនាការប្រកបដោយភាពជ្រួលច្របល់ និងការបញ្ចេញមតិបន្ទាប់ពីការប្រកួតកាលពីថ្ងៃសៅរ៍ តាមរយៈការបញ្ជាក់ថា លោកមិនបានផ្លាស់ប្តូរខ្លួនឯងឡើយ។

Cahill បានឲ្យដឹងថា៖ «ពិតណាស់ យើងដឹងពីភាពមិនច្បាស់។ ខ្ញុំប្រាកដចិត្តថា អ្នកចាត់ការទូទៅនឹងធ្វើការសម្រេចចិត្តដ៏ល្អបំផុត។ ខ្ញុំប្រាកដចិត្តថា ក្លិបក៏នឹងសម្រេចចិត្តដ៏ល្អបំផុត»៕

ប្រភព៖ The Guardian