លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool មានភាពជឿជាក់ថា ក្រុមរបស់លោកអាចបង្កើតឲ្យមានការភ្ញាក់ផ្អើល តាមរយៈការរារាំងក្រុម Real Madrid មិនឲ្យលើកពានក្របខ័ណ្ឌ Champions League ជាលើកទី៣ ជាប់ៗគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីបំពេញរដូវកាលដ៏អស្ចារ្យមួយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ។

ក្រុមរបស់លោក Klopp បានចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេក្នុងវគ្គ Playoff ដោយត្រូវធ្វើការប្រកួតជាមួយនឹងក្រុម Hoffenheim ដើម្បីប្រជែងយកកៅអីទៅវគ្គចែកពូល កាលពីខែសីហា។ បច្ចុប្បន្ន ក្រោយពីរកបាន ៤៦គ្រាប់ក្នុងការប្រកួត ១៤លើក ក្រុម Liverpool បានវិលទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងទីក្រុងគៀវ ជាលើកទី១ ក្នុងរយៈពេល ១១ឆ្នាំ។

លោក Klopp បាននិយាយកាលពីថ្ងៃចន្ទថា៖ «ខ្ញុំមិនចង់និយាយពីការជឿជាក់ឡើយ ប៉ុន្តែ យើងមានអារម្មណ៍ល្អ និងគិតថា យើងពិតជាស័ក្តិសមក្នុងការស្ថិតនៅកន្លែងដែលយើងស្ថិតនៅ ពីព្រោះកីឡាករពិតជាបានបង្ហាញឲ្យឃើញក្នុងការប្រកួតផ្សេងៗគ្នា»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាជាដំណើរដ៏រំភើបមួយមកទល់ពេលនេះ ហើយបច្ចុប្បន្ន យើងចង់ធ្វើឲ្យវាក្លាយជាការបញ្ចប់ដ៏ល្អបំផុត»។

ផ្ទុយទៅវិញ Real Madrid នឹងត្រូវធ្វើការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ ជាលើកទី៤ របស់ពួកគេក្នុងរយៈពេល ៥ឆ្នាំ។ ប៉ុន្តែ លោក Klopp ជឿជាក់ថា Liverpool អាចធ្វើការតបស្នងសម្រាប់ការខ្វះនូវបទពិសោធរបស់ពួកគេ បើធៀបទៅនឹងក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយ ជាមួយនឹងគុណភាពរបស់ខ្លួន ដែលបានជួយឲ្យពួកគេទៅវគ្គផ្តាច់ព្រ័ត្រ៕