ក្លិប Arsenal នឹងតែងតាំងអតីតគ្រូបង្វឹករបស់ក្លិប Paris St Germain លោក Unai Emery ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ដើម្បីចូលជំនួសកន្លែងរបស់លោក Arsene Wenger។

នេះបើយោងទៅតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន BBC កាលពីថ្ងៃចន្ទ។ លោក Emery ដែលបានចូលរួមជាមួយនឹងក្លិប PSG កាលពីខែមិថុនា ឆ្នាំ២០១៦ បានចាកចេញពីក្លិបរបស់បារាំងមួយនេះ ក្នុងពេលបញ្ចប់រដូវកាលនេះ ក្រោយពីបានដឹកនាំឲ្យពួកគេឈ្នះពានក្នុងស្រុកចំនួន៣។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤៦ឆ្នាំរូបនេះ កាលពីមុនធ្លាប់ជាអ្នកចាត់ការទូទៅរបស់ក្លិប Sevilla ដែលលោកបានដឹកនាំឲ្យលើកពានក្របខ័ណ្ឌ Europa League ចំនួន៣លើក។

បណ្តាញសារព័ត៌មាន BBC បានចេញផ្សាយថា ដំណើរការនៃការជ្រើសរើសគ្រូបង្វឹកថ្មី ត្រូវបានដឹកនាំដោយលោក Ivan Gazidis នាយកប្រតិបត្តិរបស់ក្លិប Arsenal លោក Raul Sanllehi ប្រធានទំនាក់ទំនងកីឡាបាល់ទាត់ និងលោក Sven Mislintat ប្រធានផ្នែកជ្រើសរើស។ បណ្តាញសារព័ត៌មានដដែល បានបញ្ជាក់ថា ការប្រកាស់ និងការធ្វើសន្និសីទសារព័ត៌មួយ នឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ។ លោក Emery បានចាកចេញពី PSG នៅពេលដែលកិច្ចសន្យារបស់លោកអស់សុពលភាព នៅពេលបញ្ចប់នៃរដូវកាលនេះ។ ស្របពេលដែលលោកបានជួយឲ្យពួកគេបន្តគ្រប់គ្រងទាំងស្រុងក្នុងយុទ្ធនាការពានក្នុងស្រុក ការចាកចេញរបស់លោកត្រូវបានគេរំពឹងទុកថា បានកើតឡើង នៅពេលដែលពួកគេមិនអាចបង្ហាញពីសក្តានុពលក្នុងក្របខ័ណ្ឌ Champions League សម្រាប់រយៈពេល ២រដូវកាលជាប់ៗគ្នា៕