បុរសជនជាតិអាមេរិកកាំង ដែលគេស្គាល់ថា ជានាយកវិទ្យាស្ថានខេមអេដ លោក Casey Barnett បាននឹងកំពុង ធ្វើការទាញទាំងគ្រឹះស្ថានឧត្តមសិក្សា និងសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា ឲ្យងាកមករៀបចំការប្រកួតកីឡាអត្តពលកម្ម ដើម្បីផ្តល់ឱកាសឲ្យសិស្សនិស្សិត បានចូលរួមលេងកីឡា ស្របតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក Casey បានថ្លែងថា៖ «នេះជាឆ្នាំទី៣ ដែលយើងបានរៀបចំឲ្យការប្រកួតជើងឯកកីឡាអត្តពលកម្ម ហើយខ្ញុំសង្ឃឹមថា យើងអាចធ្វើជាគំរូដល់វិទ្យាស្ថានឧត្តមសិក្សា និងសាកលវិទ្យាល័យផ្សេងៗ សម្រាប់ធ្វើឲ្យមានការកើនឡើងលើការប្រកួតអត្តពលកម្ម ដើម្បីផ្តល់ឱកាសឲ្យយុវជនខ្មែរ បានចូលរួមលេងកីឡា»។

ការលើកឡើងរបស់លោក Casey ត្រូវបានធ្វើឡើង នៅក្នុងពិធីបិទការប្រកួតជើងឯកកីឡាអត្តពលកម្ម ប្រចាំឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានខេមអេដ នៅសាលាកីឡា កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ហើយនេះជាលើកទី៣ ហើយដែលលោក Casey បានដកយកប្រាក់ចំណេញពីការបើកវិទ្យាស្ថានខេមអេដ មករៀបចំឲ្យមានការប្រកួតនេះឡើង។


ជាមួយគ្នានេះអនុបណ្ឌិតផ្នែកគណនេយ្យមកពីអាមេរិករូបនេះ បានមើលឃើញថា ការលេងកីឡា បានបង្កើតនូវបទពិសោធយ៉ាងសំខាន់ ក្នុងការជំនាញឲ្យនិស្សិត ទទួលបានជោគជ័យ ក្នុងឆាកជីវិត។ លោកបាននិយាយថា៖ «តាមរយៈការប្រកួតនេះដែរ យើងចង់ផ្តល់ការអប់រំ ដល់និស្សិត ឲ្យគេមានឱកាសសម្រាប់ប្រកួតប្រជែងប្រកបដោយសីលធម៌ និងការគោរពទៅវិញទៅមក ហើយការប្រកួតនេះ នឹងធ្វើឲ្យនិស្សិតរបស់យើង បទពិសោធ និងទទួលបានជោគជ័យ នៅពេលពួកគេចេញទៅធ្វើការងារ ឬបើកមុខរបរអ្វីមួយ នាថ្ងៃអនាគត»។

សម្រាប់ការប្រកួតជើងឯកកីឡាអត្តពលកម្ម លើកទី៣ ប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃអាទិត្យនោះ គឺមានការប្រកួតនៅលើវិញ្ញាសារត់ប្រណាំងចម្ងាយ៥គីឡូម៉ែត្រ(បុរស) រត់ចម្ងាយ៣គីឡូម៉ែត្រ(នារី) លោតចម្ងាយ(បុរស-នារី) ចោលដុំដែក (បុរស-នារី) លោតកម្ពស់ (បុរស-នារី) និងរត់ល្បឿន១០០ម៉ែត្រ(បុរស-នារី) ហើយលោក Casey Barnett ក៏បានរៀបចំឲ្យមានការប្រកួតវិញ្ញាសាចោលស្ន (បុរស-នារី) ជាលើកដំបូងផងដែរ ហើយអ្នកទទួលបានចំណាត់ថ្នាក់ល្អ នៅលើវិញ្ញាសាទាំងនេះ នឹងត្រូវបានជ្រើសរើសសម្រាប់ចូលរួមការប្រកួតកីឡាសិស្សមធ្យម និងឧត្តមសិក្សាជ្រើសរើសជើងឯក ឆ្នាំ២០១៨ ខាងមុខនេះ៕