ក្រុមហង្សក្រហម Liverpool មានខ្សែប្រយុទ្ធលំដាប់ថ្នាក់កំពូលនាពេលបច្ចុប្បន្ននេះ ពោលគឺក្នុងចំណោមខ្សែប្រយុទ្ធដ៏មានឥទ្ធិពលបំផុតនៅក្នុងវិស័យបាល់ទាត់ទ្វីបអឺរ៉ុប ប៉ុន្តែអ្នកចាំទី Keylor Navas របស់ Real Madrid បានសម្តែងអារម្មណ៏មិនមានការភ័យព្រួយចំពោះអ្វីដែលរូបខ្លួនត្រូវប្រឈមមុខ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប Champions League នាថ្ងៃទី២៦ ឧសភា ២០១៨ ខាងមុខនោះទេ។

ដោយសារតែកីឡាករក្រុមជម្រើសជាតិកូស្តារីការូបនេះជឿជាក់ថាគាត់កំពុងមានខ្សែការពារល្អបំផុតនៅលើពិភពលោក នៅពីមុខ និងចាំរារាំងការវាយសម្រុកពីគូបដិបក្សដូចជាកីឡាករ Mohamed Salah, Sadio Mane និង Roberto Firmino ជាដើម។

Zinedine Zidane បានសម្រេចចិត្តរួចជាស្រេចលើការចាប់ផ្តើមការពារតំណែងជើងឯករបស់ខ្លួនជាលើកទី ២ជាប់គ្នាក្នុងរយៈពេល ៣ឆ្នាំចុងក្រោយក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រសិនបើមិនមានភាពប្រែប្រួលនោះទេ កីឡាករ Dani Carvajal, Sergio Ramos, Raphael Varane និង Marcelo សុទ្ធសឹងត្រូវបានជ្រើសរើសអោយចូលលេងសម្រាប់ជម្រើស ១១នាក់ដំបូង។

អ្នកចាំទីឆ្នើមវ័យ ៣១ឆ្នាំរូបនេះបានពន្យល់បន្ថែមថា:ខ្ញុំមានខ្សែការការពារល្អបំផុតនៅលើពិភពលោក ខ្ញុំទុកចិត្តមិត្តរួមក្រុមរបស់ខ្ញុំពេញលេញ។ វាពិតជារឿងដ៏ល្អណាស់ក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទីបី ហើយយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីចិត្ត ព្រោះយើងតែងតែគោរពគូប្រជែងរបស់យើងសូម្បីតែនៅពេលដែលយើងត្រូវបានគេចាត់ទុកថាជាក្រុមដែលល្អបំផុតក៏ដោយជាមួយកីឡាករជាច្រើនដែលមានបទពិសោធន៍ច្រើន។