Sergio Ramos នឹង​ដើរ​តួ​ជា​ប្រធាន​ក្រុម​​ដឹកនាំ​​ជម្រើស​ជាតិ​អេស្ប៉ាញ​ប្រយុទ្ធ​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 ហើយ​នេះ​ជា​លើក​ទី៤​ហើយ​ ដែល​កីឡាករ​ Real Madrid ចូលរួម​ក្រុម​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។


ក្នុង​វគ្គ​ជម្រុះ​នៅ​តំបន់​អឺរ៉ុប​កន្លង​ទៅ​អេស្ប៉ាញ​​​​ឈរ​លេខ​១​ពូល​ G។ ក្រោយ​ចាប់​ឆ្នោត​ចែក​ពូល​​ដើម្បី​ប្រកួត​នៅ​ប្រទេស​រុស្សី​ក្រុម​រហស្សនាម​គោជល់​ស្ថិត​នៅ​ B​ ដោយ​ត្រូវ​ប្រឈម​មុខ​នឹង​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ម៉ារ៉ុក និង​អ៊ីរ៉ង់។ សម្រាប់​ពូល​នេះ ព័រទុយហ្គាល់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​គូ​ប្រជែង​​ធំ​របស់​អេស្ប៉ាញ។ អេស្ប៉ាញ​បាន​ឡើង​មក​លេង WC សរុប​ទាំង​ឆ្នាំ​នេះ​ទៀត​គឺ​១៤​ដង​​ហើយ។

និយាយ​ពី​បញ្ជី​ឈ្មោះ​ដែល​អេស្ប៉ាញ​បាន​កោះហៅ​​ទៅប្រទេស​រុស្សី Ramos ជា​កីឡាករ​មាន​បទពិសោធន៍​ច្រើន​ជាង​គេ ពោល​លេង​បាន​១៥១​ប្រកួត។ កីឡាករ​វ័យ​៣២​ឆ្នាំ​ឈាន​ជើង​លេង​ World Cup ដំបូង​នៅ​ឆ្នាំ​២០០៦​ រៀបចំ​នៅ​ប្រទេស​អាល្លឺម៉ង់​​កាល​នោះ​មាន​វ័យ​២០​ឆ្នាំ។ កាល​នោះ​គេ​លេង​ជា​ខ្សែ​ការពារ​ស្ដាំ ជួយ​ក្រុម​ឡើង​ផុត​ពូល ប៉ុន្តែ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ។

ឆ្នាំ​២០១០ ក្រោម​ការ​ដឹក​នាំ​របស់​លោក Vicente del Bosque បាន​កោះហៅ​ Ramos ជា​ថ្មី​ដើម្បី​ចូល​ជម្រើស​ជាតិ​លេង World Cupនៅ​អាហ្វ្រិកខាងត្បូង។ វា​ឆ្នាំ​ដ៏​ជោគជ័យ​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ប្រធាន​ក្រុម Real Madrid កាន់​តែ​ច្បាស់ ដោយ​សារ​គេ​បាន​រួម​ចំណែក​​លេង​គ្រប់​នាទី​ឲ្យ​អេស្ប៉ាញ​ឡើង​ផ្ដាច់ព្រ័ត្រ យក​ឈ្នះ​ហូឡង់ ១-០ លើក​ពាន WC លើក​ដំបូង​ក្នុង​ជីវិត។

World Cup ឆ្នាំ​បន្ទាប់​ធ្វើ​នៅ​ប្រទេស​ប្រេស៊ីល គោជល់​អេស្ប៉ាញ​ត្រូវ​គេ​ចាត់​ទុក​​ថា អាច​ការពារ​ជើង​ឯក​របស់​ខ្លួន​បាន ខណៈ Ramos នៅ​តែ​មាន​ឈ្មោះ​លេង​ក្នុង​ព្រឹត្តិការណ៍​នេះ។ តែ​អ្វី​ៗ​ខុស​ពី​ការ​រំពឹង​ទុក អេស្ប៉ាញ​ស្ថិត​នៅ​ពូល​ដ៏​លំបាក​ជាមួយ ហូឡង់ ឈីលី​និង​អូស្ត្រាលី។ ៣​ប្រកួត​អេស្ប៉ាញ​ធ្វើ​មិន​បាន​ល្អ​ឡើយ​ ពោល​ឈ្នះ​១ ចាញ់​២ បាន​ត្រឹម​លេខ​៣​ក្នុង​ពូល មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​។

ឆ្នាំ​២០១៨ កីឡាករ​ប្ដូរ​តំណែង​មក​ការពារ​កណ្ដាល Ramos នៅ​តែ​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​គ្រូ​ថ្មី​លោក Julen Lopetegui និង​ទទួល​ងារ​ជា​ប្រធាន​ក្រុម​ទៀត​ផង។ ដូច្នេះ​​នេះ​ជា​លើក​ទី​៤ ហើយ​ដែល Sergio Ramos បាន​ប្រលូក​ក្នុង​ព្រឹត្តិការណ៍ World Cup។ ចាំ​មើល​គេ​ជួយ​អេស្ប៉ាញ​បាន​ដល់​កម្រិត​ណា? ​ ​
Via :news.sabay