(ភ្នំពេញ)៖ គុនខ្មែរអ្នកប្រដាល់ច្បាស់កែង ផល សោភ័ណ្ឌ បានឲ្យដឹងថា សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Carabao ដោយប៉ះសិស្សប្អូន ឡៅ ចិត្រា នេះ គឺហ្វឹកហាត់ដូចរាល់ដង មិនមានជាការហាត់ពិសេសអ្វីនោះទេ។

សម្រាប់កីឡាករជម្រើសរើសជាតិ ផល សោភ័ណ្ឌ បានប្រាប់ថា សិស្សប្អូន ឡៅ ចិត្រា បើនិយាយពីស្នៀតប្រយុទ្ធ គឺល្អគ្រប់ទាំងអស់ មិនថាកែង ទាត់ ជង្គង់ សុទ្ធតែល្អ ចំពោះការហ្វឹកហាត់ត្រៀមវិញដូចរាល់ដងអញ្ចឹង គឺហាត់ឲ្យបានដិតដល់ ហូបចុកឲ្យបានត្រឹមត្រូវគ្រប់គ្រាន់ រីឯការគេងក៏ដូចគ្នាត្រូវតែបានគ្រប់គ្រាន់។

ចំពោះការរំពឹងទុកមុនការប្រកួតវិញ កូនសិស្សមកពីក្លឹបតាឡីខាងលើ សង្ឃឹម ៥០% សិន ទុកខ្លះទៀតលើការប្រកួតជាក់ស្ដែង ព្រោះការប្រកួតមិនអាចថាទុកមុនទេ ប្រសិនបើអ្នកណាភ្លាត់ស្នៀតអាចនឹងចាញ់គ្រប់ពេល។ កីឡាករជម្រើសរើសជាតិរូបនេះ បន្ថែមជាចុងក្រោយទៀតថា មិត្តភាពរាប់អានគ្នាទុកសិន ពេលឡើងសង្វៀនគឺប្រកួតប្ដូរផ្ដាច់ហើយ ចាំចុះមកវិញគឺនៅតែរាប់អានគ្នាធម្មតា។

សូមបញ្ជាក់ផងដែរថា កីឡាករ ផល សោភ័ណ្ឌ ជាអ្នកប្រដាល់មកពីក្លឹបតាឡីដំរីមានរិទ្ធ ក្នុងខណ្ឌដង្ដោ រាជធានីភ្នំពេញ នៅថ្ងៃអាទិទ្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ គេនឹងត្រូវប៉ះសិស្សប្អូន ឡៅ ចិត្រា វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Carabao៕


Via :.khmertalking