ភ្នំពេញ៖ មុនចាប់ផ្ដើមយុទ្ធនាការប្រកួតកីឡាជាតិ លើកទី២ ថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបើកកិច្ចប្រជុំមួយ កាលពីល្ងាចមិញ ដោយមានការចូលរួមពីតំណាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបញ្ជាក់ការត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ ពិសេសប្រធានសហព័ន្ធលោក កែវ រ៉េមី បានបង្ហាញការយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហាវិន័យ និងការកាត់សេចក្ដីលើប្រភេទកីឡាមានប្រភពពីប្រទេសកូរ៉េខាងជើងមួយនេះ ។

ថ្លែងចំពោះមុខមន្ដ្រីគណៈកម្មការ និងតំណាងខេត្តចូលរួមទាំងអស់ លោក កែវ រ៉េមី បានស្នើសុំយ៉ាងទទូចឲ្យកីឡាករ-កីឡាការិនី ដាច់ខាតត្រូវគោរពវិន័យ និងទទួលគ្រប់លទ្ធផលក្នុងការប្រកួត ចៀងវាងការតវ៉ៃ និងឈ្លោះប្រកែកគ្នា ដើម្បីការពារកិត្តិយសរបស់ខ្លួន ក្នុងនាមប្រភេទកីឡា ដែលទើបដណ្ដើមបានមេដាយយ៉ាងច្រើនពីការប្រកួតកម្រិតអាស៊ី នៅប្រទេសម៉ុងហ្គោលីកាលពីពេលថ្មីៗ ។ លោករំពឹងថា តំណាងភាគីចូលរួម និងគ្រប់កីឡាករ-កីឡាការិនី នឹងធ្វើបាន ដើម្បីលើកកិត្តិយសខ្លួនឯង និងសហព័ន្ធ ក្នុងកីឡាទើបចូលរួមការប្រកួតកីឡាជាតិលើកដំបូង ។

បន្ថែមលើនេះ លោកក៏បានសង្កត់ផងដែរ ចំពោះអាជ្ញាកណ្ដាល និងចៅក្រម ដោយលោកស្នើឲ្យមន្ដ្រីបច្ចេកទេសទាំងនេះ ដាច់ខាតត្រូវផ្ដល់ភាពយុត្តិធម៌ និងសុក្រឹត្យបំផុតក្នុងការដាក់ពិន្ទុ ចៀសវាងការប្រកាន់បក្សពួក ដែលជារឿងមួយលោកស្អប់ខ្ពើមបំផុត ។ លោកថា ការផ្ដល់ភាពយុត្តិធម៌ និងត្រឹមត្រូវក្នុងការប្រកួត គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីចម្រាញ់បានធនធានមានសមត្ថភាពពិតប្រាកដ សម្រាប់ត្រៀមចូលរួមការប្រកួតលើឆាកអន្ដរជាតិនានា ពិសេសគឺធនធានកីឡាករ-កីឡាការិនីក្មេងៗ ដែលកំពុងត្រូវការការលើកទឹកចិត្ត ដើម្បីជំរុញការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា កីឡាតេក្វាន់ដូ ITF ទើបបានចូលរួមប្រកួតកីឡាជាតិ លើកទី២ នេះប៉ុណ្ណោះ ខណៈលើកទី១ កីឡាមានប្រភពពីកូរ៉េខាងជើងនេះ មិនត្រូវបានជ្រើសរើសឲ្យចូលរួមនោះទេ ។ ប៉ុន្ដែក្នុងទិសដៅអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទើបក្រសួងអប់រំ សម្រេចបង្កើនប្រភេទកីឡាក្នុងការប្រកួតកីឡាជាតិ ដើម្បីវាស់ស្ទង់គុណកីឡា នៃប្រភេទកីឡានីមួយៗ ទាំងធនធានមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ-កីឡាការិនីជាដើម ៕


Via:khmertalking