Andres Iniesta បានក្លាយជាកីឡការដ៏ល្បីចុងក្រោយគេក្នុងការចូលរួមជាមួយនឹងក្របខ័ណ្ឌ J-League ក្រោយពីបានយល់ព្រមលើលក្ខខណ្ឌផ្សេងៗជាមួយនឹងក្លិប Vissel Kobe កាលពីថ្ងៃព្រហស្បតិ៍។ ខាងក្រោមនេះ គឺជាការផ្ទេរដ៏ធំៗ ទៅកាន់ប្រទេសជប៉ុន៖

Andres Iniesta ឆ្នាំ២០១៨ ពីក្លិប Barcelona ទៅកាន់ Vissel Kobe:

ការសម្រេចចិត្តរបស់តារាឆ្នើមធ្លាប់ឈ្នះពាន World Cup រូបនេះ ក្នុងការបន្តអាជីពជាមួយនឹងក្លិប Kobe ក្រោយពីឈ្នះពានជាច្រើននៅ Barcelona ក្លាយជាតារាផ្ទេរដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ J-League។ Iniesta ត្រូវគេចេញផ្សាយថា នឹងទទួលចំណូល ៣០លានដុល្លារក្នុង ១ឆ្នាំពីកិច្ចសន្យារយៈពេល ៣ឆ្នាំរបស់គេ។

Zico ឆ្នាំ១៩៩១ បញ្ចប់ការចូលនិវត្តន៍ដើម្បីទៅកាន់ក្លិប Kashima Antlers:

តារាឆ្នើមរបស់ប្រេស៊ីល Zico បានក្លាយជាសមាជិកម្នាក់របស់ក្រុមដ៏ខ្លាំងបំផុតដែលមិនបានឈ្នះពាន World Cup ក្នុងឆ្នាំ១៩៨២ ប៉ុន្តែបានបង្កើតឲ្យមានការភ្ញាក់ផ្អើលតាមរយៈការបញ្ចប់ការចូលនិវត្តន៍របស់ខ្លួនដើម្បីទៅលេងក្នុងក្របខ័ណ្ឌរបស់ជប៉ុន។

Gary Lineker ឆ្នាំ១៩៩២ ពីក្លិប Tottenham Hotspur ទៅកាន់ Nagoya Grampus Eight:

ការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះទៅកាន់ទីក្រុងផលិតរថយន្តដ៏ល្បីរបស់ជប៉ុនមួយនេះ បានបង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលនាំឲ្យអ្នកគាំទ្ររបស់ក្រុម Spurs ចោទសួរថា «តើ Nagoya ជាអ្វី?»។

លោក Arsene Wenger ឆ្នាំ១៩៩៤ ពីក្លិប Monaco ទៅកាន់ក្លិប Nagoya Grampus Eight:

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានចុះហត្ថលេខារយៈពេល ២ឆ្នាំជាមួយនឹង Nagoya ក្រោយពីត្រូវបានបណ្តេញចេញដោយក្លិប Monaco និងបានដឹកនាំឲ្យក្លិបជប៉ុនមួយនេះ ឈ្នះពានជាលើកទី១ របស់ពួកគេ នៅពេលដែលពួកគេលើកពាន Emperor’s Cup ឆ្នាំ១៩៩៥។

Michael Laudrup ឆ្នាំ១៩៩៦ ពីក្លិប Real Madrid ទៅ Vissel Kobe:

អតីតតារាឆ្នើមរបស់ក្លិប Juventus, Barcelona និង Real Madrid រូបនេះ បានចូលរួមជាមួយនឹងក្លិប Kobe ក្នុងឆ្នាំ១៩៩៦ និងបានជួយឲ្យពួកគេឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌរបស់ជប៉ុន J-League។

Hidetoshi Nakata ឆ្នាំ១៩៩៨ ពីក្លិប Bellmare Hiratsuka ទៅកាន់ Perugia:

តារាឆ្នើមរបស់ជប៉ុនរូបនេះ សម្រេចចិត្តចូលរួមជាមួយនឹងក្លិបអ៊ីតាលី Perugia ក្នុងវ័យ ២១ឆ្នាំ និងនៅតែជាកីឡាករដ៏មានទេពកោសល្យបំផុតរបស់ប្រទេសនេះ៕