លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំ ដើម្បីបញ្ចប់ការលើកឡើងផ្សេងៗជុំវិញអនាគតរបស់លោកក្នុងក្លិបរបស់ក្របខ័ណ្ឌ Premier League មួយនេះ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ដែលបានដឹកនាំឲ្យក្រុម Spurs បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ចំនួន ៣រដូវកាលជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League នោះ បានចុះហត្ថលេខាលើកុងត្រាថ្មីដើម្បីធ្វើឲ្យលោកបន្តនៅជាមួយនឹង Spurs រហូតដល់ឆ្នាំ២០២៣។ លោក Pochettino ត្រូវបានដកស្រង់សំដីក្នុងពេលនិយាយនៅលើគេហទំព័រផ្លូវការរបស់ក្លិបថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ក្នុងការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងមួយ ខណៈដែលយើងឈានដល់ដំណាក់កាលមួយក្នុងចំណោមដំណាក់កាលដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ហើយក្នុងនាមជាអ្នកចាត់ការទូទៅកុងត្រាថ្មីនេះ នឹងជួយឲ្យក្រុមនេះឈានទៅកាន់កីឡដ្ឋានមានកម្រិតស្តង់ដារពិភពលោកថ្មី»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «នេះគ្រាន់តែជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតប៉ុណ្ណោះដែលនឹងធ្វើឲ្យវានឹងក្លាយជាការដ៏រំភើបមួយក្នុងពិភពកីឡាបាល់ទាត់ ហើយយើងកំពុងតែរៀបចំផែនការផ្សេងៗរួចជាស្រេចដើម្បីធានាថា យើងបន្តករសាងទៅលើការងារដ៏អស្ចារ្យដែលគ្រប់គ្នាបានផ្តល់ក្នុងរយៈពេល៤ឆ្នាំនេះ»។ លលក Daniel Levy ដែលជាប្រធានក្លិប បាននិយាយថា ក្លិបនេះបានស្ថិតក្នុងដំណើរដ៏អស្ចារ្យមួយ៕