អ្នកគាំទ្រ៏ស្មោះស្ម័គ្ររាប់ម៉ឺននាក់ បានតម្រៀបជួរគ្នានៅតាមដងវិថីនានានៃរដ្ឋធានីអេស្ប៉ាញ ដើម្បីស្វាគមន៍កីឡាកររបស់ក្រុម Real Madrid ខណៈដែលពួកគេបានវិលទៅកាន់ផ្ទះរបស់ខ្លួនវិញកាលពីថ្ងៃអាទិត្យ ក្រោយពីឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី៣ ជាប់ៗគ្នារបស់ពួកគេក្នុងទីក្រុងកៀវ។

អ្នកគាំទ្រជាច្រើន បានអបអរ និងគ្រវីកន្សែងរបស់ក្លិបចុះឡើង នៅពេលដែលរថយន្តក្រុងគ្មានដំបូល១គ្រឿង ដែលកំពុងតែដឹកសមាជិកក្រុម និងពាន បានធ្វើដំណើរទៅកាន់កន្លែងអបអរនៃការឈ្នះពានជាប្រពៃណីរសប់ក្លិបគឺតំបន់ Plaza de Cibeles។

ក្មេងៗជាច្រើនបានអង្គុយ នៅស្មារឪពុកម្តាយរបស់ខ្លួន ដើម្បីមើលឲ្យឃើញរថយន្តកំពុងតែធ្វើដំណើរយ៉ាងយឺតៗកាន់តែច្បាស់។ រថយន្តពណ៌សដ៏ធំនោះ ត្រូវបានតុបតែងជាមួយនឹងអក្សរថា «Campeones 13» និងរូបឡូហ្គោរបស់ក្លិប ដើម្បីអបអរការឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុបជាលើកទី១៣របស់ពួកគេ។ ខ្សែការពារ Sergio Ramos ប្រធានក្រុមនៃក្រុម Real Madrid និងកីឡាករផ្សេងទៀត បានគ្រវីដៃចុះឡើង និងបានថតអ្នកគាំទ្រជាមួយនឹងទូរស័ព្ទដៃរបស់ពួកគេនៅខាងមុខរថយន្ត ដែលត្រូវបានការពារដោយប៉ូលិសជិះសេះ។

Ramos បានដើរនាំក្រុមទៅកាន់ចំណុច Plaza de Cibeles និងបានយកកន្សែង និងទង់ជាតិរបស់ក្លិបទៅរុំរូបចម្លាក់របស់ព្រះនាង Cybele ខណៈដែលអ្នកគាំទ្របានអបអរយ៉ាងខ្លាំង៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia