បន្ទាប់ពីឈ្នះការប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី៥ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមអធិរាជស Real Madrid បាននិយាយបែបកំប្លែងលេងថា: ខ្ញុំចង់ស្នើឱ្យ UEFA ប្តូរឈ្មោះការប្រកួតប្រជែងនេះទៅជា CR7 Champion League វិញ។

Ronaldo បានឈ្នះពានរង្វាន់ទ្វីបអ៊ឺរ៉ុបសម្រាប់បាល់ទាត់អាជីពមួយផ្សេងទៀត បន្ទាប់ពីរួមចំណែកជួយក្រុម Real Madrid ផ្តួលក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៣:១។ ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យរូបនេះ មិនបានរកគ្រាប់បាល់អោយក្រុមនៅវគ្គផ្តាច់ព្រ័ត្រនោះទេ ប៉ុន្តែបានបញ្ចប់រដូវកាលពានរង្វាន់ទ្វីបអឺរ៉ុបនេះជាមួយការ ស៊ុតបញ្ចូលទីច្រើនបំផុត(Top Scorer) រហូតដល់ ១៥គ្រាប់ និងជាលើកទី៧ សម្រាប់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ និងឈ្នះពានស្បែកជើងមាស(Golden Boot)។

មានតែវីរបុរស Francisco Pinto ម្នាក់ប៉ុណ្ណោះដែលធ្លាប់ឈ្នះពានរង្វាន់ Champion league រហូតដល់ ៦ដងជាមួយក្រុម Real Madrid ខណៈ Ronaldo បានស្ថិតយ៉ាបប្រកៀកក្នុងការតាមស្មើកំណត់ត្រាគឺខ្វះ តែ ១ដងទៀតប៉ុណ្ណោះ ស្របពេលកំនត់ត្រារក គ្រាប់បាល់បញ្ចូលទីពានរង្វាន់នេះ Ronaldo អតីតខ្សែប្រយុទ្ធក្រុម Man.United បានវ៉ាដាច់កំពូលខ្សែប្រយុទ្ធ Lionel Messi ចំនួន ២០គ្រាប់ ឯណោះក្នុងនាមកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតគឺ ១២០គ្រាប់ហើយ។ Ronaldo ក៏បានតាមស្មើកំនត់ត្រារបស់ វីរបុរស Alfredo di Stefano របស់ក្រុម Real Madrid និង Paolo Maldini របស់ក្រុម AC.Milan ដែលឈ្នះពាន Champion League ៥ដងក្នុងអាជីព។

ប៉ុន្តែទោះបីជាបានជួយក្រុម Real Madrid ទទួលជោគជ័យយ៉ាងនេះក្តី អនាគតរបស់ Ronaldo ជាមួយក្រុមអធិរាជស ហាក់នៅមិនទាន់ប្រាកដប្រជានៅឡើយ ខណៈខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះធ្លាប់បានព្រលយពាក្យចង់ចាកចេញពីក្រុមនាពេលកន្លងមក។

ខាងក្រោមនេះគឺជាកំពូលកីឡាករឆ្នើមទាំង ៥រូបដែលរកគ្រាប់បាល់បានច្រើនបំផុតនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុបនារយៈកាលកន្លងមក(មានបីនាក់បានចូលនិវត្តន៏ពីកីឡាបាល់ទាត់ទៅហើយ) ។
១. Cristiano Ronaldo(Real Madrid) រកបាន១២០គ្រាប់.
២. Lionel Mess (Barcelona) ១០០គ្រាប់.
៣. Raul(Real Madrid) ៧១គ្រាប់.
៤. Ruud van Nistelrooy និង Karim Benzema រកបាន៥៦គ្រាប់.
៥.Thierry Henry (Arsenal) រកបាន៥០គ្រាប់.

ប្រភព៖ dailymail