ក្លិបកាំភ្លើងធំ Arsenal បានធ្វើការដាក់ដេញថ្លៃតម្លៃខ្លួន ៤៤លានផោនសម្រាប់កីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាបស្តាំ Cengiz Under របស់ក្រុម Roma ដែលកំពុងលេងនៅក្របខ័ណ្ឌ Serie A។

លោក Unai Emery កំពុងតែសម្លឹងរកការពង្រឹងក្រុមនៅតំបន់បម្រើកណ្តាល និងបម្រើស្លាបទាំងសងខាង ខណៈរបួសរបស់កីឡាករ Henrikh Mkhitaryan និង Danny Welbeck បានធ្វើឱ្យក្រុមរបស់ Arsenal ហាក់ថមថយការវាយលុក ស្របពេលដែល Aaron Ramsey និងត្រូវចាកចេញពីក្រុមផងដែរនោះ។

ជាទស្សនវិស័យវែងឆ្ងាយលោក Emery បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនលើការចុះហត្ថលេខានាំយកកីឡាករវ័យក្មេង Cendiz Under សញ្ជាតិតួគី ម្នាក់នេះជាជម្រើសដំបូងគេ ប៉ុន្តែត្រូវបានច្រានចោល ខណៈក្រុម Roma មានចេតនាចង់រក្សាទុកធនធានមនុស្ស ដ៏មានតម្លៃរបស់ខ្លួនម្នាក់នេះអោយនៅលេងអោយក្រុមបន្តទៀត។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានក្លាយជាអ្នករកគ្រាប់បាល់ដ៏ល្អបំផុតមួយនៅលីកកំពូលទ្វីបអឺរ៉ុបដោយចែកបាល់អោយមិត្តរួមក្រុម(Assist)ស៊ុតបញ្ចូលទីបាន ១៤គ្រាប់និងស៊ុតបញ្ចូលទីខ្លួនឯងបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ៥៥ប្រកួតឱ្យក្លិបRoma។ Under បានក្លាយជាកីឡាករដ៏ល្អឥតខ្ចោះមួយរូបសម្រាប់ក្រុម Arsenal ជាមួយល្បឿនលឿននិងបច្ចេកទេសទាត់បាល់បញ្ចូលទី។ ទោះបីជាយ៉ាងណាក៏ដោយក្រុមកាំភ្លើងធំត្រូវប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុម Manchester City និង Manchester United ដែលកំពុងបើកចក្ខុសំលឹងឃើញ Under ផងដែរ។

ប្រភព៖ foxsportsasia