ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាជាមួយនឹង Christian Pulisic ពីក្លិប Borussia Dortmund ប៉ុន្តែ តារាឆ្នើមអន្តរជាតិអាមេរិករូបនេះ នឹងត្រូវចំណាយពេលរហូតដល់បញ្ចប់រដូវកាលនេះក្នុងនាមជាកីឡាករកម្ចីជាមួយនឹងក្លិបរបស់ក្របខ័ណ្ឌ Bundesliga មួយនេះ។

នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សអាល្លឺម៉ង់មួយនេះ កាលពីថ្ងៃពុធ។ ក្លិប Chelsea របស់ក្របខ័ណ្ឌ Premier League បានចំណាយប្រាក់៦៤លានអឺរ៉ូ (ស្មើនឹង៧២,៥លានដុល្លារអាមេរិក) សម្រាប់កីឡាករវ័យ២០ឆ្នាំរូបនេះ។ Pulisic បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយក្លិប Chelsea ថា៖ «នៅរដូវក្តៅ ខ្ញុំនឹងផ្ទេរទៅកាន់ Chelsea និងទៅកាន់យុទ្ធនាការថ្មី គឺក្របខ័ណ្ឌអង់គ្លេស Premier League»។ រូបគេបានបន្តថា៖ «វាគឺជាសិទ្ធិពិសេសមួយក្នុងការបានចុះហត្ថលេខាជាមួយក្លិបដ៏អស្ចារ្យមួយ ហើយខ្ញុំសម្លឹងឆ្ពោះទៅកាន់ការធ្វើការងារយ៉ាងលំបាក ដើម្បីរួមចំណែកជួយក្រុមដែលប្រជុំដោយតារាឆ្នើមៗរបស់ពួកគេ»។ លោកស្រី Marina Granovskaia ប្រធានក្លិប Chelsea បានបញ្ជាក់ថា លោកស្រី បានត្រួតពិនិត្យទៅលើ Pulisic ដែលបានក្លាយជាឥទ្ធិពលដ៏ធំមួយក្នុងក្លិបនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោកស្រីបានឲ្យបានដឹងថា៖ «យើងពិតជារីករាយណាស់ក្នុងការបានចុះហត្ថលេខាជាមួយនឹងកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដ៏ឆ្នើមបំផុតរបស់អឺរ៉ុប។ ខ្សែបម្រើស្លាបស្តាំរូបនេះ បានលេងភាគច្រើនក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ជាងការលេងក្នុងក្របខ័ណ្ឌ Bundesliga ខណៈដែលលោកគ្រូបង្វឹក Lucien Favre ពេញចិត្តក្នុងការដាក់ឲ្យខ្សែបម្រើអន្តរជាតិអង់គ្លេស Jadon Sancho លេងក្នុងទីតាំងនោះជាង»៕

ប្រភព៖ Channel News Asia