Eden Hazard បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ការប្រកួត ១៩លើក ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះប៉ុន្តែមិត្តរួមក្រុមកីឡាករខ្សែបម្រើ N’Golo Kante បាននិយាយយ៉ាងទទូចប្រាប់មិត្តរួមក្រុម Chelsea របស់ខ្លួន ថាពួកគេទាំងអស់គ្នាត្រូវប្រមូលផ្តុំសាមគ្គីគ្នា បន្ថែមទៀតដើម្បីជួយដល់កីឡាករ Eden Hazard ក្រោយទទួលលទ្ធផល 0-0 នៅផ្ទះរបស់ខ្លួនជាមួយក្រុមភ្ញៀវ Southampton។
Hazard បានក្លាយជាកីឡាករកំពូលម្នាក់ ប្រចាំទ្វីបអឺរ៉ុបនិងក្រុម Chelsea ដោយនៅរដូវកាលនេះរកគ្រាប់បាល់បាន១០គ្រាប់ និង Assist ៩ដងក្នុងចំណោម ២០ប្រកួតនៅ ក្របខ័ណ្ឌ Premier League ។ ទោះបីជាបែបនេះក្តីសម្រាប់ការប្រកួតនៅសប្តាហ៏ទី២០កាលពីថ្ងៃពុធក្រុមរបស់ Hazard មិនអាចបញ្ចេញទម្រង់លេងបានល្អ ដើម្បីផ្តួលក្រុម Southampton បាននោះទេ។
ទោះបីជាជួបរឿងខកចិត្តបែបនេះក្តី Chelsea បានបញ្ចប់ការផ្ទេរខ្សែបម្រើ-ប្រយុទ្ធស្លាប Borussia Dortmund កីឡាករអន្តរជាតិអាមេរិក Christian Pulisic នៅរង្វង់ទឹកប្រាក់៥៨ លានផោន ដែលសង្ឃឹមថារូបគេនិងជាកំលាំងស្នូលថ្មី ម្នាក់ទៀតដើម្បីយកមកជួយក្រុមអោយបានរឹងមាំនិងក្លាំងក្លាបន្ថែមទៀត។
Kante ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិមាន់គកបារាំងរូបនេះបន្តថាៈ ខ្ញុំពិតជារីករាយណាស់ដែល Chelsea បានចុះហត្ថលេខាជាមួយ Pulisic គាត់ជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យហើយគាត់នឹងមករួមក្រុមជាមួយយើងនៅរដូវក្តៅនេះ ហើយសម្រាប់រយៈពេលប្រាំមួយខែខាងមុខទៀត វាជារឿងល្អសម្រាប់យើង។
ប្រភព៖ besoccer