លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool ជឿជាក់ ការរងរបួសរបស់ខ្សែការពារ Dejan Lovren បានបង្ហាញពីមូលហេតុដែលលោកបានជ្រើសរើសយកក្រុមជម្រើសទី២ ក្នុងពេលក្រុមរបស់លោកបានធ្លាក់ចេញពីពាន FA Cup តាមរយៈការចាញ់ក្រុម Wolves ក្នុងលទ្ធផល ២-១ កាលពីថ្ងៃចន្ទ។

លោក Klopp បានធ្វើការផ្លាស់ប្តូរកីឡាករ៩នាក់ចំពោះក្រុមដែលបានចាញ់ជាលើកទី១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្រោមស្នាដៃក្រុម Manchester City កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល Lovren ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ២នាក់ ដែលរក្សាកៅអីរបស់ពួកគេ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ខ្សែការពារអន្តរជាតិក្រូអាស៊ីរូបនេះ បានជួបបញ្ហាដោយសារតែរបួសសរសៃពួរគន្លាក់ជើង ក្រោយពីលេងបានត្រឹមតែ ៦នាទី និងត្រូវបានជំនួសដោយកីឡាករ Ki-Jana Hoever វ័យ ១៦ឆ្នាំ។

ទាក់ទងនឹងការប្តូរ Lovren ចេញ លោក Klopp បានឲ្យដឹងថា៖ «របួសសរសៃពួរគន្លាក់ជើង គឺជាអ្វីដែលខ្ញុំបានឮ ដោយគ្មានសញ្ញាផ្សេងពីមុនមកឡើយ។ ខ្ញុំបានសួរគ្រប់គ្នា ហើយវាគ្មានសញ្ញាអ្វីទាំងអស់ ហេតុនេះ នោះគឺជាការសម្រេចចិត្តដែលអ្នកត្រូវធ្វើ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមិនប្រាកដចិត្តទៅនឹងអ្វីដែលអ្នកបាននិយាយឡើយ ប្រសិនករណីនោះបានកើតឡើងភ្លាមៗនៅដើមតង់ ប្រសិនស្ថានភាពខ្សែការពារកណ្តាលរបស់យើងគឺជា Fabinho និង Ki-Jana ហើយបន្ទាប់មក ប្រហែលជាមនុស្ស២ ទៅ៣នាក់ នឹងប្រាប់ខ្ញុំថា ខ្ញុំមិនបានគោរពដល់យុទ្ធនាការនេះ»៕

ប្រភព៖ Channel News Asia