បរទេស៖ Arsenal បាន​ក្លាយ​ជា​ក្រុម​ធំ​ជាង​គេ​បំផុត​ដែលធ្លាក់​ចេញពី​ពាន FA Cup ជុំ​ទី​៣ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​១៤​សម័យកាល​មួយនេះ បាន​រង​បរា​ជ័យ​នៅលើ​ទឹកដីក្រុម Nottingham Forest ក្នុងលទ្ធផល ១-០ ប៉ុន្តែ ក្រុម Liverpool និង Tottenham Hotspur បាន​គេចផុត​ពីការ​ធ្លាក់​ចេញ​ ក្រោយពីជួប​ការ​ភិត​ភ័យ​ក្នុងពេល​ប្រកួត​ជាមួយនឹងក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ​ទាប​ជាង​ កាលពីថ្ងៃ​អាទិត្យ​។

នេះ​មិនមែន​ជាលើក​ដំបូង​ឡើយ​ដែលក្រុម Nottingham Forest បានទម្លាក់ក្រុម Arsenal ក្នុង FA Cup ខណៈ​ដែលពួកគេ​ក៏​បានយកឈ្នះ​លើក្រុម​កាំភ្លើង​ធំ​កាលពីឆ្នាំ​២០១៨ ក្នុងការ​ប្រកួត​ជុំ​ទី​៣ផង​ដែរ​។ លោក Steve Cooper គ្រូបង្វឹក​របស់ក្រុម Nottingham Forest បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជាមានមោទ​នភាព​ដោយ​សារ​តែ​កូនក្រុម​របស់​ខ្ញុំ​ណាស់ និង​ពេញ​ចិត្ត​នឹង​ទម្រង់លេង​របស់​ពួក​គេ​។ វា​​ជា​រឿង​ដ៏អស្ចារ្យ​ក្នុងការ​ទៅ​វគ្គ​បន្ត ហើយ​ខ្ញុំ​សង្ឃឹម​ថា ពេល​នេះ កីឡាករ​ពិត​ជា​ជឿជាក់​លើអ្វី​ដែលពួក​យើង​កំពុង​តែ​ធ្វើ​»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Liverpool បាន​វាយ​បក​ពីការ​ដេញតាម​ពីក្រោយ​១​គ្រាប់ ដើម្បីយកឈ្នះ​ក្នុងលទ្ធផល ៤-១ លើ​ក្រុម Shrewsbury Town ស្រប​ពេល​ដែល​ក្រុម Tottenham បាន​ដេញ​តាមពីក្រោយ​រហូត​ដល់​នាទី ទី​៧៤ ក្នុងការ​ប្រកួតលើ​ទឹកដីខ្លួន​ឯង មុន​នឹង​ផ្តួលក្រុម​ Morecambe ក្នុង​លទ្ធផល ៣-១​៕

ប្រភព​ព័ត៌មាន៖ Channel News Asia