បរទេស៖ Ruben Loftus-Cheek បាន​និយាយ​ថា Chelsea ​បានកំណត់​​គោល​ដៅ​របស់​ខ្លួន​លើ​ការ​សង​សឹក​លើ​ក្រុម Liverpool ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយពី​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាងល្អ​របស់​ខ្សែ​បម្រើ​រូបនេះ បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-០ លើ​ក្រុម Crystal Palace កាលពីថ្ងៃ​អាទិត្យ​។

ក្រុម Chelsea នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Liverpool នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ក្រោយ​ពី​បាន​ជួប​គ្នា​ក្នុងការ​ប្រកួត​​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​ដើម​ឆ្នាំ​នេះ ដែលនៅ​ពេលនោះក្រុម​របស់​លោក Jurgen Klopp បាន​ទទួល​ជ័យ​ជម្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី ក្រោយពី​ការ​បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០។ ក្រុម​តោ​ខៀវ កំពុង​តែ​​សង្ឃឹម​ថា ​ពួក​គេ​​​អាច​ធ្វើ​ការ​សង​សឹក​ចំពោះការ​ចាញ់​នៅកីឡដ្ឋាន Wembley ខណៈដែល​​អ្នក​ចាំ​ទី Kepa Arrizabalaga របស់ Chelsea បាន​ស៊ុត​បាល់​អត់​ចូល​ទី ដែល​នាំ​ឲ្យ​ក្រុម Liverpool លើក​ពាន​តែម្ត​ង​។ ការ​ជួប​គ្នា​ម្តង​ទៀត​នេះ នឹងក្លាយ​ជា​កំណត់ត្រា​ជា​លើក​ដំបូង​ បើ​គិត​ចាប់​តាំងរដូវ​កាល​ឆ្នាំ​១៩៩២-១៩៩៣ ដែល​​ក្រុម​ដូច​គ្នា​២​ក្រុម បាន​ប្រកួត​​គ្នាទាំង​​ក្នុង League Cup វគ្គ​ផ្តាច់​ព្រ័ត្រ និង FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ​​។

ក្នុង​ពេលនោះ ក្រុម Arsenal បាន​ផ្តួល​ក្រុម Sheffield Wednesday ទាំង​២លើក ហើយ Loftus-Cheek ប្តេជ្ញា​ចៀស​ឲ្យ​ផុត​នូវ​ប្រវត្តិ​សាស្ត្រ​ចំ​ដែលនោះ ដើម្បី​រា​រាំង​មិន​ឲ្យ​ក្រុម Liverpool ឈ្នះ​ជាលើក​ទី​២​។ ខ្សែ​បម្រើ​រូបនេះ​បាន​ឲ្យដឹងថា៖ «យើង​ចង់សង​សឹក​លើក​ពួកគេ​។ វាគឺ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ក្នុង​ League Cup វគ្គ​ផ្តាច់​ព្រ័ត្រ តែ​មិន​គួរ​បញ្ចប់​បែប​នោះ​សោះ​»​៕

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia