ក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City អាចសម្លឹងឆ្ពោះទៅកាន់ការការពាន League Cup ក្នុងវគ្គផ្តាច់ព្រ័ត្រនៅខែក្រោយនេះ នៅកីឡដ្ឋាន Wembley ខណៈដែលខ្សែប្រយុទ្ធ Gabriel Jesus បានស៊ុតបាល់បញ្ចូលទី ៤គ្រាប់ ក្នុងពេលក្រុមខ្លួនលត់ក្រុម Burton Albion យ៉ាងចាស់ដៃក្នុងលទ្ធផល ៩-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ កាលពីថ្ងៃពុធ។

Kevin de Bruyne, Oleksandr Zinchenko, Phil Foden, Kyle Walker និង Riyad Mahrez ក៏រកបានគ្រាប់បាល់បញ្ចូលទីផងដែរ នៅពេលដែលប្រកួតជាមួយនឹងក្រុមស្ថិតក្នុងក្របខ័ណ្ឌ League Oen របស់លោក Nigel Clough ខណៈដែល Man City បានធានាថា ការធ្វើដំណើររបស់ពួកគេទៅកាន់កីឡដ្ឋាន Pirelli នាថ្ងៃទី២៣ ខែមករា គ្រាន់តែជាការប្រកួតគម្រប់កិច្ចប៉ុណ្ណោះ។

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Man City បានឲ្យដឹងថា៖ «ពិតណាស់ យើងស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្ររួចជាស្រេច។ យើងត្រូវតែលេងការប្រកួតជើងទី២ ហើយយើងនឹងលេងដោយប្រុងប្រយ័ត្ន។ យើងពិតជារីករាយណាស់ក្នុងការទៅវគ្គផ្តាច់ព្រ័ត្រម្តងទៀត»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាមិនងាយស្រួលនោះឡើយក្នុងការលេងក្នុងការប្រកួតបែបនេះ។ យើងបាននិយាយពីមុនពេលការប្រកួតឲ្យចាត់ទុកជាការប្រកួតសំខាន់ ហើយយើងបានចាប់ផ្តើមយ៉ាងល្អ»។ ក្រោយពីក៏បានផ្តួលក្រុម Rotherham ៧-០ ក្នុងពាន FA Cup កាលពីថ្ងៃអាទិត្យ លោក Guardiola អាចផ្តល់ការសម្រាកឲ្យកីឡាករសំខាន់ៗ ប៉ុន្តែ លោកបានប្រើប្រាស់ក្រុមដ៏ខ្លាំងមួយ ដោយមាន De Bruyne ផងដែរ៕

ប្រភព៖ Channel News Asia