បរទេស៖ ខ្សែ​បម្រើ​ស្លាប​​អន្តរ​ជាតិ​​អង់គ្លេស Raheem Sterling កាលពីថ្ងៃពុធ បាន​ក្លាយ​ជា​​​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់ Chelsea បើ​គិត​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​វិនិយោគ​របស់​លោក Todd Boehly បាន​ទិញ​ក្លិប​តោ​ខៀវ​មួយ​នេះ ក្រោយពី​បាន​បញ្ចប់​ពេល​វេលា​ប្រកប​ដោយភាព​ជោគ​ជ័យ​នៅ​ក្លិប Manchester City​។ តារា​ឆ្នើម​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​​៥​ឆ្នាំ សម្រាប់​​តម្លៃ​ខ្លួន​៥០​លានផោន (ស្មើនឹង​៥៩​លាន​ដុល្លារ​អាមេរិក​)​។

ក្លិប Chelsea បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​លើគេហ​ទំព័រ​របស់​ពួក​គេ​ថា៖ «ខ្សែ​បម្រើ​​ស្លាប​អន្តរ​ជាតិ​អង់គ្លេស Raheem Sterling បាន​ចូលរួម​ជាមួយនឹង​​ក្លិប Chelsea ពីក្លិប Manchester City ក្នុង​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ​»​។ Sterling បាន​បញ្ចេញ​ប្រតិកម្មមុន​ពេល​ការ​ផ្ទេរ​ជា​ផ្លូវ​ការ​របស់​គេ​កាលពីព្រឹកថ្ងៃពុធ តាមរយ់​ការ​បង្ហោះ​សារ​លា​គ្នា​មួយ​នៅ​លើ​បណ្តាញ​សង្គម តាមរយៈ​ការ​និយាយ​ថា រូប​គេ​បាន​ចាក​ចេញពី​ក្លិប Man City ក្នុង​នាម​ជា​បុរស​ម្នាក់ ក្រោយពី​ផ្ទេរ​មកពីក្លិប Liverpool ក្នុងនាម​ជា​កីឡាករ​ដែលមាន​វ័យ​ត្រឹម​តែ​២០​ឆ្នាំ​។

កីឡាករ​រូបនេះ បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ខ្ញុំ​ពិត​ជា​បាន​សម្រេច​នូវ​សមិទ្ធិ​ផល​ជាច្រើន​ក្នុង​អាជីព​របស់​ខ្ញុំ​មក​ទល់ពេលនេះ ប៉ុន្តែ នៅ​សល់​សមិទ្ធិ​ផល​ជាច្រើន​ទៀត​ដែល​សម្រេច​ឲ្យ​បាន​ ហើយ​ខ្ញុំ​​ពិត​ជា​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​ធ្វើ​ឲ្យ​បាន​ក្នុង​នាម​ជា​កីឡាករ​របស់ Chelsea​»​។ ក្នុង​នាម​ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​របស់​លោក Pep Guardiola នៅ Man City កីឡាករ Sterling បាន​ស៊ុត​បាល់បញ្ចូល​ទី​១៣១​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៣៣៧​លើក​សម្រាប់​ក្រុម​ម្ចាស់​ជើង​​​ឯក​​អង់គ្លេស​មួយនេះ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia