រដូវកាលឆ្នាំ២០១៧-២០១៨ គឺជាយុទ្ធនាការទី២៦ នៃក្របខ័ណ្ឌ Premier League ក្រោយពីការបង្កើតក្របខ័ណ្ឌលីកនេះកាលពីឆ្នាំ១៩៩២។ ក្រោយពីការពិភាក្សាគ្នាជាច្រើនលើកច្រើនសារជាមួយនឹងអាជ្ញាធរកីឡាបាល់ទាត់ កីឡាករ និងប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ ក្លិបក្របខ័ណ្ឌលំដាប់ទី១ បានសម្រេចចាកចេញក្របខ័ណ្ឌ Football League កាលពីខែឧសភា ឆ្នាំ១៩៩២ ហើយក្របខ័ណ្ឌ Premier League ត្រូវបានបង្កើតឡើង ខណៈដែលយុទ្ធនាការទី១របស់ពួកគេ បានចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១៥ ខែសីហា នៃឆ្នាំដដែលនោះ។

រដូវកាលនីមួយៗទាំង២៦ សុទ្ធសឹងមានរឿងរ៉ាវផ្សេងៗទាក់ទងនឹងការឈ្នះពាន និងកីឡាករដែលជាប់ជាតារាឆ្នើម។ ពីរដូវកាលដ៏អស្ចារ្យក្នុងឆ្នាំ២០១១-២០១២ រហូតដល់ការមិនស្គាល់ចាញ់សោះរបស់ក្រុម Arsenal ក៏ដូចជាកំណត់ត្រានីមួយនៃការឈ្នះពាន ១៣លើករបស់ក្រុម Manchester United សូមធ្វើការតាមដានបន្ថែមទៀតពីប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Premier League ខាងក្រោមនេះ៖

ក្នុងពេលបើករដូវកាលឆ្នាំ១៩៩២-១៩៩៣ក្លិបចំនួន ២២បានចូលរួមក្នុងយុទ្ធនាការនោះ ខណៈដែលកីឡាករ Brian Deane របស់ក្លិប Sheffield United រកបានគ្រាប់បាល់ដំបូងគេក្នុងពេលចាប់ផ្តើមយុទ្ធនាការ FA Premier League។

សមាជិកក្លិបក្នុងឆ្នាំទី១ នៃក្របខ័ណ្ឌ Premier League រួមមាន Arsenal, Aston Villa, Blackburn Rovers, Chelsea, Coventry City, Crystal Palace, Everton, Ipswich Town, Leeds United, Liverpool, Manchester City, Manchester United, Middlesbrough, Norwich City, Nottingham Forest, Oldham Athletic, Queens Park Rangers, Sheffield Utd, Sheffield Wednesday, Southampton, Tottenham Hotspur និង Wimbledon។

ក្លិបសរុបចំនួន ៤៩បានលេងក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីការបង្កើតលីកនេះឡើង ខណៈដែលក្លិប Arsenal, Chelsea, Everton, Liverpool, Man Utd និង Spurs បានលេងរាល់យុទ្ធនាការទាំងអស់មកទល់ពេលនេះ។ គិតត្រឹមរដូវកាលឆ្នាំ២០១៧-២០១៨ ក្លិប Brighton & Hove Albion និង Huddersfield Town គឺជាក្លិបចុងក្រោយដែលចូលរួមក្នុងក្របខ័ណ្ឌកំពូលមួយនេះ។

នៅចុងរដូវកាលនីមួយៗ ក្លិបបាតតារាងចំនួន៣ ត្រូវបានកាត់ចេញ ខណៈដែលក្លិបផ្សេងទៀតដែលត្រូវឡើងជំនួស គឺមកពីក្របខ័ណ្ឌ Championship។ មានករណីលើកលែងតែ ១គត់ក្នុងរូបមន្តនេះ ខណៈដែលក្នុងរដូវកាលឆ្នាំ១៩៩៤-១៩៩៥ ដែលនៅពេលនោះក្របខ័ណ្ឌលីក បានសម្រេចចិត្តកាត់បន្ថយចំនួនក្លិបមកនៅត្រឹម២០។ ជាលទ្ធផល Crystal Palace បានចូលរួមជាមួយនឹងក្លិប Norwich, Leicester City និង Ipswich ត្រូវបានកាត់ចេញពី Premier League ក្នុងពេលបញ្ចប់រដូវកាលឆ្នាំ១៩៩៤-១៩៩៥ ខណៈដែលមានតែក្លិប ២ប៉ុណ្ណោះចូលជំនួសក្លិបទាំង៣ ពីក្របខ័ណ្ឌ Division One ដែលបច្ចុប្បន្នគេស្គាល់ថា ជាក្របខ័ណ្ឌ Championship។

ក្រៅពីការបើកយុទ្ធនាការឆ្នាំ១៩៩២-១៩៩៣ រាល់រដូវកាលទាំងអស់នៃក្របខ័ណ្ឌ Premier League មានម្ចាស់ឧបត្ថម្ភទៅលើពាន។ ចាប់ពីរដូវកាលឆ្នាំ១៩៩៣-១៩៩៤ ក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេស ត្រូវបានគេស្គាល់ថា FA Carling Premiership នៅមុនពេលការឧបត្ថម្ភនោះបានផ្លាស់ប្តូរក្នុងឆ្នាំ២០០១ ទៅជាឈ្មោះ Barclaycard រហូតដល់ឆ្នាំ២០០៤។

បន្ទាប់មក យុទ្ធនាការនោះ បានប្តូរឈ្មោះទៅជា FA Barclays Premiership មុននឹងត្រូវប្តូរឈ្មោះទៅជា Barclays Premier League នៅមុនរដូវកាលឆ្នាំ២០០៧-២០០៨។ រដូវកាលឆ្នាំ២០១៥-២០១៦ បានក្លាយជាយុទ្ធនាការចុងក្រោយនៃការប្រើប្រាស់ឈ្មោះតាមម្ចាស់ឧបត្ថម្ភ ខណៈដែលយុទ្ធនាការនេះ មានឈ្មោះ Premier League ចាប់ពីរដូវកាលឆ្នាំ២០១៦-២០១៧ មកទល់បច្ចុប្បន្ន។

Manchester United គឺជាក្រុមដំបូងគេនៃយុទ្ធនាការនេះ ដែលបានបញ្ចប់ដោយនាំមុខ ១០ពិន្ទុដាច់លើក្រុម Aston Villa និងបានឈ្នះពានក្របខ័ណ្ឌ Premier League សរុបចំនួន ១៣លើក។ ក្លិប Blackburn បានឈ្នះពាននេះ ១លើក ក្នុងរដូវកាលឆ្នាំ១៩៩៤-១៩៩៥ ស្របពេលដែលក្រុម Arsenal បានឈ្នះពានក្នុងរដូវកាលឆ្នាំ១៩៩៧-១៩៩៨, ២០០១-២០០២ និងឆ្នាំ២០០៣-២០០៤។

Chelsea បានក្លាយជាក្លិបទី៤ ក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលឆ្នាំ២០០៤-២០០៥ ហើយចាប់តាំងពីពេលនោះពួកគេបានឈ្នះពាន ៤លើកបន្ថែមទៀតក្នុងរដូវកាលឆ្នាំ២០០៥-២០០៦, ២០០៩-២០១០, ២០១៤-២០១៥ និងចុងក្រោយបំផុតក្នុងរដូវកាលឆ្នាំ២០១៦-២០១៧។ Man City បានឈ្នះពាននេះ ៣លើក ពោលក្នុងរដូវកាលឆ្នាំ២០១១-២០១២ ដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង និងឈ្នះម្តងទៀតក្នុងរដូវកាលឆ្នាំ២០១៣-២០១៤ បូករួមជាមួយពានរដូវកាលឆ្នាំ២០១៧-២០១៨នេះផងដែរ។

Leicester គឺជាក្លិបទី៦ និងក្លិបចុងក្រោយគេក្នុងការឈ្នះពានក្របខ័ណ្ឌ Premier League តាមរយៈការបំពេញការឈ្នះពាននេះដ៏គួរឲ្យកត់សម្គាល់ ក្នុងរយៈពេល១ឆ្នាំ ក្រោយពីគេចផុតពីការធ្លាក់ចេញ។

អ្នកចាត់ការទូទៅដ៏ជោគជ័យបំផុតក្នុងយុទ្ធនាការនេះ គឺលោក Alex Ferguson ដែលបានដឹកនាំឲ្យក្រុម Manchester United ទទួលបានជោគជ័យដ៏ធំធេងក្នុងក្របខ័ណ្ឌ Premier League។ លោកក៏គ្រប់គ្រងកំណត់ត្រាក្នុងនាមជាអ្នកចាត់ការទូទៅបម្រើការងារយូរជាងគេបំផុតក្នុង Premier League ដោយបានចំណាយពេល ២១ឆ្នាំនៅឯកីឡដ្ឋាន Old Trafford ចាប់តាំងពីការបង្កើតក្របខ័ណ្ឌនេះ ក្នុងឆ្នាំ១៩៩២ នៅមុនពេលចូលនិវត្តន៍ក្នុងពេលបញ្ចប់រដូវកាលឆ្នាំ២០១២-២០១៣។

ចាប់ពីរដូវកាលឆ្នាំ២០០១-២០០២ ក្លិបនានាដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ នឹងឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ UEFA Champions League ស្របពេលដែលក្រុមដែលបញ្ចប់យុទ្ធនាការ Premier League ក្នុងចំណាត់ថ្នាក់លេខ៥ នឹងត្រូវទៅលេងក្នុងក្របខ័ណ្ឌ UEFA Europa League។ កៅអីផ្សេងទៀតនៃ UEFA Europa League អាចនឹងផ្តល់ឲ្យក្រុមឈរលេខ៦ និងក្រុមឈរលេខ៧ ដោយអាស្រ័យទៅលើថា ក្រុមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៥ ឈ្នះពាន League Cup ឬ FA Cup ឬអត់។

អត្ថបទ៖ Cambosport
ប្រភព៖ premierleague