ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Liverpool បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាជីព (PFA) ជាលើកទី២ កាលពីថ្ងៃប្រហស្បតិ៍ ហើយកីឡាការិនី Sam Kerr របស់ក្លិប Chelsea បានឈ្នះពានដូចគ្នានេះ ផ្នែកនារី។
Salah ដែលបានឈ្នះពានស្បែកជើងមាសក្នុងនាមកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេរួមគ្នាជាមួយនឹងខ្សែប្រយុទ្ធ Son Heung-min របស់ក្លិប Tottenham ក៏បានឈ្នះពានរង្វាន់នេះ ក្នុងរដូវកាលឆ្នាំ២០១៧-២០១៨។ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបវ័យ២៩ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី៣១គ្រាប់ ក្នុងរាល់យុទ្ធនាការទាំងអស់ សម្រាប់ក្លិប Liverpool និងបានជួយឲ្យពួកគេឈ្នះពាន League Cup និង FA Cup។
Salah បាននិយាយថា៖ «ពានេះ គឺជាពានដ៏ល្អមួយ ក្នុងការឈ្នះ ជាពិសេស ដោសារតែជាការបោះឆ្នោតដោយកីឡាករ។ វាបង្ហាញថា អ្នកបានធ្វើការយ៉ាងលំបាក និងអ្នកទទួលបានរង្វាន់ដែលបានព្យាយាមធ្វើការដើម្បីឈ្នះ»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមានបន្ទប់ដាក់ពានរង្វាន់ជាច្រើន នៅកន្លែងរបស់ខ្ញុំ ហើយខ្ញុំបានធ្វើឲ្យប្រាកដថា ខ្ញុំមានកន្លែងទំនេរមួយទៀត ដើម្បីដាក់ពានទៀត។ ខ្ញុំតែងតែទុកកន្លែងទំនេរ និងព្យាយាមដើម្បីស្រមៃគិតថា នឹងមានពានច្រើនទៀតមកដល់»៕
ប្រភពព័ត៌មាន៖ Channel News Asia