អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man. City លោក Pep Guardiola បានបញ្ជាក់ថា ខ្សែការពារកណ្តាល Ruben Dias នឹងខកខានក្នុងការ បង្ហាញខ្លួនក្នុងជំនួបដ៏សំខាន់នៅក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យជាមួយ Liverpool ។កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានអវត្តមានតាំងពីថ្ងៃទី១ ខែមីនា ជាមួយនឹងរបួសសរសៃពួរ ហើយបានខកខានការប្រកួតចំនួន ៦ លើកចុងក្រោយ។ លោក Guardiola បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទមុនការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Atletico Madrid ថា Dias នឹងត្រូវការពេលព្យាបាលរបួសចន្លោះពី ១០ ថ្ងៃទៅ ២ សប្តាហ៍ មុនពេលអាចត្រលប់មកហ្វឹកហាត់ក្នុងឈុតធដំបូងវិញ។
ក្រោយមកទៀតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានប្រាប់ អ្នកសារព័ត៌មានមុនការប្រកួតចុងសប្តាហ៍នេះថាកីឡាករទាំងអស់ត្រៀមលក្ខណៈរួចជាស្រេច លើកលែងតែDias។ បើទោះបីជាអវត្តមានកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ ប៉ុន្តែក្រុមកំពូលតារាង Man City នៅលេងបានយ៉ាងល្អ ដោយឈ្នះ ៤ លើកនិងស្មើ ២ លើកក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ពួកគេនិងរបូតគ្រាប់បាល់តែ២គ្រាប់ប៉ុណ្ណោះ ។
John Stones, Aymeric Laporte និង Nathan Ake សុទ្ធតែស្ថិតក្នុងជម្រើសដាក់អោយប្រកួតប្រជែងសមត្ថភាពគ្នានៅតំបន់ការពារកណ្តាលទល់នឹងក្រុមគូប្រជែង Jurgen Klopp ដោយការផ្តល់ទំនុកចិត្តពីលោក Pep Guardiola ។បច្ចុប្បន្ន Man City ឈរនៅលើកំពូលតារាង Premier League មានគម្លាតមួយពិន្ទុពីលើក្រុម Liverpool ដែលឈរនៅលេខរៀងទី ២ខណៈការប្រកួត សល់ ៨លើកទៀតនិងបញ្ចប់រដូវកាល។