មិនមែនជារឿងដដែលៗនោះទេ សម្រាប់ការជ្រើសរើសកីឡាករដែលខ្លួនចូលចិត្តកំលុងពេលប្រកប អាជីពជាមួយគ្នា កន្លងមកគឺ Lionel Messi និង Cristiano Ronaldo ប៉ុន្តែសម្រាប់ការបញ្ចេញមតិយល់ឃើញរបស់ Zlatan Ibrahimovic កាលពីពេលថ្មីៗនេះត្រូវបានគេហទំព័រ FoxSport ដកស្រង់សម្តី ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំសញ្ជាតិស៊ុយអ៊ែតបានសម្តែងការិះគន់ លើទស្សនយល់ឃើញរបស់ Cristiano Ronaldo ក្រោយផ្លាស់ទៅកាន់ទ្រនំថ្មី Juventus ថាមិនមែនជាការទៅរកការប្រជែងថ្មីអ្វីនោះទេ។
Ronaldo ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ៣៣ឆ្នាំ និង ជាម្ចាស់ពានរង្វាន់បាល់មាស( Ballon d’Or) ៥សម័យបាន ផ្ទេរទៅប្រកបអាជីពជាមួយក្រុមការពារតំណែងជើងឯកអ៊ីតាលី SerieA ក្នុងតម្លៃកំនត់ត្រា១០០ លានអឺរ៉ូ កាលពីរដូវក្ដៅ ក្រោយរួមរស់ក្រោមដំបូលកីឡាដ្ឋាន Estadio Santiago Bernabeu ជាក្រុមមានមូលដ្ឋាននៅរាជធានីអេស្បាញអស់រយៈពេលជិត ៩រដូវកាលបន្ទាប់ពីផ្លាស់មកពីក្រុម Man.United។
ចាប់ផ្តើមរដូវកាល(២០១៨-២០១៩) Ronaldo នៅតែបង្ហាញទម្រង់លេងបានល្អទោះមានវ័យជ្រេបន្តិច ដោយរកបាន១៥គ្រាប់ ក្នុងបង្ហាញខ្លួន ២៥ប្រកួតក្រោយផ្លាស់មកក្រុមមានមូលដ្ឋាននៅទីក្រុងទូរីន អតីតកីឡាករក្រុម Sporting CP បាននិយាយថា: ការបើកសករាជថ្មីជាមួយក្រុមស្រ្តីជរា Juventus គឺជាការប្រកួតប្រជែងថ្មីមួយ ខណៈដែលរូបគេបានបោះពាក្យសម្តីបបួលអតីតដៃគូប្រកួតប្រជែងដ៏សំខាន់នៅក្របខណ្ឌ La Liga គឺ Lionel Messi បច្ចុប្បន្នកំពុងលេងអោយក្រុម Barcelona គួរជ្រើសរើសមកលេងនៅលីកកំពូលអ៊ីតាលីមួយនេះដើម្បីមាន ការប្រជែងគ្នា សារជាថ្មី ខណៈដែលពួកគេទាំងពីរធ្លាប់ឈ្នះពានបាល់មាស៥សម័យដូចគ្នា។
មកដល់ចំណុចនេះអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអ៊ែតបច្ចុប្បន្នកំពុងលេងអោយក្រុមLA Galaxy នៅលីកកំពូលសហរដ្ឋអាមេរិក Ibrahimovic បានយកពាក្យសម្ដីរបស់ Ronaldo ធ្វើការវិភាគនិងវាយបកសួរទៅវិញថា: ហេតុម្តេចបានជាគាត់(Ronaldo ជ្រើសរើសក្លឹបដែលជាក្រុមខ្លាំងនិងធ្លាប់ឈ្នះពានធំៗដូចជា Juventus មួយនេះ ម្តេចមិនជ្រើសរើសក្រុមមកពីលីកលំដាប់ទី២រឺក្រុមដែលខ្សោយជាងនេះកាលពី ២ឆ្នាំមុនទៅ? Ibrahimovic បន្តថាៈ Ronaldo គួរតែខិតខំជួយក្រុមដែលពិបាកនិងនាំពួកគេឈ្នះពាននៅលីកបន្ទាប់ពីក្របខណ្ឌ SerieA ហើយនាំក្រុមទាំងនោះមកលេងនៅលីកលំដាប់កំពូលជាមួយចំណាត់ថ្នាក់ល្អនាពេលបច្ចុប្បន្នទើបហៅថាជាការប្រកួតប្រជែងនិងប្រឹងប្រែងពិតប្រាកដ។
អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia