ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីកាត់សេចក្តីតែ១គ្រាប់ ដើម្បីជួយឲ្យក្រុម Juventus ដណ្តើមបានជ័យជម្នះជាលើកទី១របស់ពួកគេនៅរដូវកាលនេះ តាមរយៈការយកឈ្នះក្នុងលទ្ធផល ១-០ លើក្រុមនៅសល់សមាជិកត្រឹមតែ ១០នាក់ ក្នុងការប្រកួតដណ្តើមពានអ៊ីតាលី Super Cup កាលពីថ្ងៃពុធ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Ronaldo ដែលបានចូលរួមជាមួយនឹងក្លិបយក្សអ៊ីតាលីមួយនេះ កាលពីឆ្នាំមុនពីក្លិប Real Madrid ខណៈពួកគេសម្លឹងរកការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩៦នោះ បានតែតបាល់រកគ្រាប់បាល់ឈ្នះនៅនាទី ទី៦១។ AC Milan បានលេងការប្រកួត១៥នាទីចុងក្រោយជាមួយសមាជិកត្រឹមតែ១០នាក់ ក្រោយពីខ្សែបម្រើអន្តរជាតក្រូអាស៊ី Franck Kessie បានរងពិន័យកាតក្រហមសម្រាប់ការប្រជែងដណ្តើមបាល់ដ៏គ្រោះថ្នាក់ទៅលើ Emre Can។ ការប្រកួតនេះត្រូវបានរំខានដោយការអំពាវនាវដ៏ចម្រូងចម្រាស់ឲ្យមានការផ្លាស់ប្តូរទីតាំងប្រកួតជុំវិញបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលស្ត្រីត្រឹមតែអនុញ្ញាតឲ្យចូលរួមទស្សនាការប្រកួត លុះត្រាតែពួកគេរួមដំណើរមកជាមួយនឹងបុរស។

បើយោងទៅតាមបណ្តាញសារព័ត៌មាន មានស្ត្រីចំនួន១៥០០០នាក់ ក្នុងចំណោមអ្នកគាំទ្រសរុប៦១០០០នាក់ក្នុងកីឡដ្ឋាននោះ។ បច្ចុប្បន្នក្រុម Juventus បានឈ្នះពាន Super Cup សរុបចំនួន៨លើក ខណៈដែល AC Milan បានឈ្នះ៧លើក៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia