បរទេស​៖ ក្លិប Roma កាលពីថ្ងៃពុធ បាន​ប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជា​​មួយ​នឹង​ខ្សែ​ប្រយុទ្ធ Paulo Dybala ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៣​​ឆ្នាំ ក្រោយ​ពី​កុង​ត្រា​របស់​តារា​ឆ្នើម​អន្តរ​ជាតិ​អាហ្សង់ទីន​រូបនេះ ជាមួយនឹង​ក្លិប Juventus បាន​ផុត​កំណត់​។

Dybala បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ខ្ញុំចូលរួម​ជាមួយនឹងក្រុម​មួយ​ដែល​កំពុង​តែ​រីក​ចម្រើន ស្រប​ពេល​ដែល​ក្លិប​នេះ បន្ត​​បង្កើន​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួន​សម្រាប់​អនា​គត ហើយ​ជាមួយ​នឹង​លោក​គ្រូបង្វឹក Jose Mourinho ខ្ញុំ​ពិត​ជា​មាន​សិទ្ធិ​ពិសេស​ក្នុងការ​ធ្វើ​ការ​ជាមួយ​»​។ ខ្សែ​ប្រយុទ្ធវ័យ​២៨​ឆ្នាំ​រូបនេះ ធ្លាប់​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ត្រូវផ្ទេរ​ទៅ​កាន់​ក្លិប Inter Milan ដែល​ជាម្ចាស់​ជើង​​​​ឯក​រង​ក្រប​ខ័ណ្ឌ Serie A និង​បាន​ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវកាល​ក្រោយ​​។ Roma បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦ នៅលើ​តា​​រាង​ក្រប​ខ័ណ្ឌ Serie A កាលពីរដូវកាល​មុន​។

បណ្តាញ​សារ​ព័ត៌​មាន Sky Sports បាន​ចេញផ្សាយ​ព័ត៌​មាន​ថា កិច្ច​សន្យា​នេះ គឺ​មាន​ទំហំ​ទឹកប្រាក់​៦,០៨លាន​អឺ​រ៉ូ ក្នុង​១​រដូវ​កាល ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​ផ​ងដែរ​។ Dybala បាន​ចំណាយ​ពេល​អស់​៧​ឆ្នាំ​នៅ​ទីក្រុង Turin ដោយ​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​១១៥​គ្រាប់ សម្រាប់ Juventus ប៉ុន្តែ បាន​ជួប​បញ្ហា​របួសក្នុង​រយៈ​ពេល​២​រដូ​វ​កាល​ចុងក្រោយ​នេះ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia