ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២៣ រវាងក្រុមម្ចាស់ផ្ទះ Liverpool និង Crystal Palace កាលពីថ្ងៃសៅរ៏ទី១៩ មករា ២០១៩នេះ។ ខ្សែប្រយុទ្ធ Mohamed Salah បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់(ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ទី៥០ក្នុងក្របខ័ណ្ឌ Premier League) ខណៈដែល Liverpool បានព្យាយាមវាយបកតាមមកពីក្រោយដើម្បីផ្តួលក្រុមភ្ញៀវ Crystal Palace នៅលើទឹកដី Anfield ។

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Liverpool រកបានដោយកីឡាករ Salah ២គ្រាប់(៤៦,៧៥) Firminio ១គ្រាប់(៥៣) Mane គ្រាប់(៩០+៣) ខណៈដែលកីឡាករក្រុមភ្ញៀវCrystal Palace រកបាន ៣គ្រាប់ដោយកីឡាករ Townsend(៣៤), Tomkins(៦៥) និង Meyer(៩០+៥)។

គួរកត់សម្គាល់ថាក្រុម Liverpool ទោះបីជាទទួលបានជ័យជំនះ ប៉ុន្តែនៅសល់គ្នាតែ ១០នាក់ប៉ុណ្ណោះ ក្រោយពីកីឡាករ James Milner ត្រូវបានបណ្តេញចេញនៅនាទីទី៨៩។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក្រុមរបស់លោក Jurgen Klopp បានបញ្ចប់នូវការព្រួយបារម្ភ ខណៈក្រុមនៅតែរក្សាពិន្ទុនាំមុខតារាង Premier League មានគម្លាត៤ពិន្ទុពីក្រុមលេខ២ ខណៈក្រុម Man.City បានផ្តួល huddersfield 3-0។

Arsenal Vs Chelsea

ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជំនះដ៏សំខាន់ក្នុងជំនួបរវាងក្លឹបរួមទីក្រុងឡុងគឺតោខៀវ Chelsea ដើម្បីរក្សាឪកាសប្រជែងយកចំណាត់ថ្នាក់ Top៤ ក្របខណ្ឌ Premier League នាកីឡាដ្ឋាន Emirate Stadium។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Lacazette នៅនាទីទី១៤ ដោយបាល់នោះសឹងតែអស់មុំស៊ុតទៅហើយ បន្ទាប់មកទៀតកីឡាករខ្សែបម្រើការពារ Koscielny នៅនាទីទី៣៩ ដោយការតែតប៉ះនិងស្មាមុនបញ្ចប់ការប្រកួតនៅតង់ទី២។

ការទទួលជ័យជម្នះនេះធ្វើឱ្យក្រុមកាំភ្លើងធំមានគម្លាតតែបីពិន្ទុពីក្រុមតោខៀវ Chelsea ដែលឈរនៅចំណាត់ថ្នាក់ក្រុម កំពូលទាំងបួន។ ក្រុម Arsenal បានចាញ់ ៤លើកក្នុងចំណោម ៨ប្រកួតចុងក្រោយ បន្ទាប់ពីបញ្ចប់ភាពមិនដែលចាញ់សោះក្នុង ២២ប្រកួតចុងក្រោយរបស់ពួកគេខណៈដែល Chelsea ឈ្នះតែ ៤ដងក្នុង ៧ប្រកួតចុងក្រោយរបស់ពួកគេ។

អត្ថបទ៖ Cambosport
ប្រភព៖ bbc