តារាឆ្នើម Cristiano Ronaldo របស់ក្លិប Juventus បានគេចផុតពីការជាប់ៗគុកកាលពីថ្ងៃអង្គារ ប៉ុន្តែត្រូវបានបញ្ជាដោយតុលាការអេស្ប៉ាញឲ្យបង់ប្រាក់ ៣,៥៧លានអឺរ៉ូ (ស្មើនឹង៤,១លានដុល្លារអាមេរិក) សម្រាប់ការបន្លំការបង់ពន្ធ នៅពេលដែលស្ថិតក្នុងក្លិប Real Madrid ខណៈដែលការបង់ប្រាក់នេះ គឺជាផ្នែកនៃចំនួនទឹកប្រាក់បង់សរុប១៨,៨លានអឺរ៉ូ។

ជាមួយនឹងការពាក់វែនតាខ្មៅ និងពោរពេញដោយស្នាមញញឹម ដោយរួមដំណើរជាមួយនឹងមិត្តស្រីខ្លួនគឺនាង Georgina Rodriguez កីឡាករ Ronaldo បានធ្វើដំណើរទៅដល់តុលាការ ក្នុងទីក្រុង Madrid ដើម្បីបង្ហាញខ្លួនក្នុងសវនាការដ៏ខ្លីមួយ។ រូបគេត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល ២ឆ្នាំ រួមជាមួយនឹងការពិន័យជាទឹកប្រាក់ ៣៦៥០០០អឺរ៉ូ និងការពិន័យមួយផ្សេងទៀតក្នុងទឹកប្រាក់ ៣,២លានអឺរ៉ូ។ នេះបើយោងទៅតាមការកាត់ទោសនោះ។

ក្រោមការចោទប្រកាន់ពីបទគេវេសពីការបង់ពន្ធក្នុងទឹកប្រាក់៥,៧លានអឺរ៉ូ តាមរយៈការលក់សិទ្ធិលើរូបភាពរបស់ខ្លួននៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៤ Ronaldo បានបង់ប្រាក់ឲ្យមន្ត្រីពន្ធដារចំនួន៦,៧លានអឺរ៉ូ រួចជាស្រេច សម្រាប់ទឹកប្រាក់ដែលគេបានជំពាក់ បូករួមទាំងអត្រាការប្រាក់។ កាលពីខែមិថុនា មេធាវីរបស់កីឡាកររូបនេះ និងមន្ត្រីពន្ធដាររបស់អេស្ប៉ាញបានឈានដល់ការព្រមព្រៀងគ្នាមួយថា Ronaldo នឹងត្រូវបង់ប្រាក់សរុបចំនួន១៨,៨លានអឺរ៉ូ។ ចំនួនទឹកប្រាក់នោះមិនត្រូវបានបញ្ជាក់ក្នុងការកាត់ទោសឡើយ ប៉ុន្តែ ប្រភពមួយក្នុងតុលាការ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា Ronaldo នឹងត្រូវបង់ប្រាក់សរុប១៨,៨លានអឺរ៉ូ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia