ក្រុមអធិរាជស Real Madrid កំពុងត្រៀមចំណាយប្រាក់ចំនួន 90លានផោននៅរដូវក្តៅខាងមុខនេះ សម្រាប់នាំយកខ្សែប្រយុទ្ធស្លាប Paulo Dybala របស់ក្រុមម្ចាស់ជើងឯក Juventus មកពង្រឹងក្រុមឡើងវិញខណៈការប្រជែងពាន La Liga រដូវកាលនេះ ហាក់បីដូចជានៅឆ្ងាយពីក្តីសង្ឃឹមទៅហើយនោះ។ ខ្សែប្រយុទ្ធស្លាបវ័យ ២៥ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងលេចធ្លោសម្រាប់ក្រុមរហស្សនាមស្រ្តីជរាមានមូលដ្ឋានៅទីក្រុង Turin ក្រោយផ្លាស់ពីក្រុម Palermo កាលពីឆ្នាំ២០១៥ ដោយស៊ុតបញ្ចូលទីបានចំនួន ៥៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១៥លើកនៅក្របខណ្ឌ Serie A ។

Dybala ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីសម្រាំងរបស់ក្រុមម្ចាស់ជើងឯក Champion League ដើម្បីចូលរួមជាមួយខ្សែប្រយុទ្ធ Gareth Bale និងសមាជិកដទៃទៀតនៅកីឡាដ្ឋាន Estadio Santiago Bernabeu សម្រាប់រដូវកាលក្រោយ។ ប្រសិនកិច្ចចរចារនេះប្រព្រឹត្តទៅដោយជោគជ័យនោះ ក្រុម Man.City ពិតជាត្រូវខកបំណង និងបរាជ័យដ៏ធំ សម្រាប់ក្រុមម្ចាស់ជើងឯក Premier League City ខណៈដែលលោក Pep Guardiola ធ្លាប់បានតាមដាន និងសម្លឹងមើល ព្រមទាំងកោតសរសើរពិសមត្ថភាពរបស់ Dybala អស់រយៈពេលជាច្រើនឆ្នាំមកហើយពោលគឺចាប់តាំងពីរូបលោកនៅដឹកនាំក្រុម Bayern Munich មកម្លេះ។

សម្រាប់អាណាព្យាបាលរបស់ Dybala គឺក្រុម Juventus អាចនឹងពិចារណាលើតម្លៃទឹកប្រាក់ដ៏ច្រើនស្របពេលខ្សែបម្រើអន្តរជាតិវែល Aaron Ramsey ត្រៀមចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួនពីក្រុម Arsenal នៅខែកក្កដា ២០១៩ ខាងមុខនេះ។ ក្លិបយក្សអ៊ីតាលីមួយនេះបានរៀបចំគោលដៅខ្ចីជើងខ្សែបម្រើ Isco មករួមក្រុមមុនពេលទីផ្សារដោះដូរកីឡាករនៅសល់រយៈពេល ១អាទិត្យទៀត ហើយអាចនិងទិញផ្តាច់រូបគេនៅក្នុងកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៏ណាមួយផងដែរ។

អត្ថបទ៖ Cambosport
ប្រភព៖ thesun