ក្លិប Chelsea បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Gonzalo Higuain។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងលក្ខខណ្ឌខ្ចីជើងជាមុនសិន។

Higuain នឹងចូលរួមជាមួយនឹងលោក Maurizio Sarri ម្តងទៀត ហើយពីបានបញ្ចប់ការខ្ចីជើងរបស់គេនៅឯក្លិប AC Milan ដើម្បីបំពេញការផ្ទេររបស់គេពីក្លិបដើម Juventus។ លោក Sarri គឺជាគ្រូបង្វឹកបង្គោលនៅឯក្លិប Napoli នៅពេលដែល Higuain បានតាមស្មើកំណត់ត្រានៃការរកគ្រាប់បាល់បញ្ចូលទីក្នុងក្របខ័ណ្ឌ Serie A សម្រាប់រដូវកាលតែមួយ តាមរយៈការស៊ុតបាល់បញ្ចូលទី៣៦គ្រាប់ ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦។

Higuain ដែលនឹងពាក់អាវលេខ៩ នៅកីឡដ្ឋាន Stamford Bridge បានឲ្យដឹងថា៖ «នៅពេលដែលឱកាសក្នុងការចូលរួមជាមួយនឹង Chelsea បានបង្ហាញដោយខ្លួនឯង ខ្ញុំត្រូវតែទទួលយក។ វាជាក្រុមមួយដែលខ្ញុំតែងតែចូលចិត្ត និងមានប្រវត្តិសាស្ត្រជាច្រើន មានកីឡដ្ឋានដ៏អស្ចារ្យ ហើយពួកគេលេងក្នុងក្របខ័ណ្ឌ Premier League ដែលជាលីកមួយដែលខ្ញុំតែងតែចង់លេង»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តល់ការជឿជាក់ដែល Chelsea បានបង្ហាញដល់ខ្ញុំ នៅលើទីលានវិញ។ ខ្ញុំពិតជាចង់ចាប់ផ្តើម ហើយខ្ញុំសង្ឃឹមថា នឹងសម្របខ្លួនបានយ៉ាងឆាប់រហ័សតាមដែលអាច»។ លោកស្រី Marina Granovskaia ប្រធានក្លិប Chelsea បានឲ្យដឹងថា៖ «Gonzalo គឺជាគោលដៅទី១របស់យើងក្នុងការដោះដូរកីឡាករ ហើយរូបគេមកដល់រួមជាមួយនឹងកំណត់ត្រាយ៉ាងច្បាស់មួយក្នុងកម្រិតដ៏ខ្ពស់បំផុត»៕

អត្ថបទ៖ Cambosport
ប្រភព៖ The Guardian