Chelsea បានផ្តល់នូវការឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅកាន់ការរិះគន់ជាសាធារណៈរបស់លោក Maurizio Sarri ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពាន League Cup តាមរយៈការផ្តួលក្រុម Tottenham ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏រំភើប ជើងទី២ កាលពីថ្ងៃព្រហស្បតិ៍។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ ពីសំណាក់ N’Golo Kante និង Eden Hazard បានជួយឲ្យក្រុម Chelsea ដណ្តើមបានជ័យជម្នះ ២-១ នៅរាត្រីនោះ ដើម្បីតាមស្មើការចាញ់កាលពីជើងទី១ ១-០។ បន្ទាប់មក Willian, Cesar Azpilicueta, Jorginho និង David Luiz បានស៊ុតបាល់បញ្ចូលទីពីចំណុចពិន័យ ១១ម៉ែត្រ ដើម្បីជួយឲ្យក្រុមតោខៀវទៅជួបក្រុម Manchester City នាថ្ងៃទី២៤ ខែកុម្ភៈ ខណៈដែល Eric Dier និង Lucas Moura បានស៊ុតបាល់ប៉េណាល់ទីមិនចូលទីសម្រាប់ក្រុម Spurs។

លោក Sarri បានចោទសួរពីភាពខ្លាំងផ្នែកស្មារតីនៃក្រុមរបស់លោក និងបានទាមទារឲ្យ Hazard បង្ហាញពីភាពខ្លាំងបន្ថែមទៀត ក្រោយពីចាញ់ ២-០ ក្រោមស្នាដៃក្រុម Arsenal កាលពីថ្ងៃសៅរ៍ ហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ទទួលបានការឆ្លើយតបដែលលោកចង់បានពេលប្រកួតជាមួយនឹងក្រុម Spurs។ លោក Sarri បានឲ្យដឹងថា៖ «ខ្ញុំគិតថា ក្នុងការប្រកួត៣ ឬ៤លើកចុងក្រោយ យើងមិនមានបញ្ហាឡើយ។ បញ្ហាមួយ គឺការលើកទឹកចិត្តលើខ្លួនឯង ហើយបញ្ហាផ្សេងទៀត គឺកីឡាករឈប់បង្កើតឲ្យមានភាពរីករាយលើទីលាន។ ពេលនេះ ទម្រង់លេង និងលទ្ធផល ដែលយើងអាចរកបាន ផ្តល់នូវភាពរំភើបម្តងទៀត»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia