លោក Felix Sanchez គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកាតា ពិតជាពេញចិត្តដែលក្រុមរបស់លោកត្រូវបានចាត់ទុកថា ជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះក្នុងការប្រកួតពាន Asian Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមម្ចាស់ផ្ទះអ៊េមីរ៉ាតអារ៉ាប់រួម និងបានលើកទឹកចិត្តឲ្យកីឡាកររបស់លោកបំបិទមាត់អ្នកគាំទ្រម្តងទៀត។

ការធ្វើដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Cup របស់ក្រុមកាតា បានកើតឡើង ក្រោមការស្រែកអកឲ្យដ៏គួរឲ្យកត់សម្គាល់ពីសំណាក់អ្នកគាំទ្រម្ចាស់ផ្ទះ ប៉ុន្តែ លោក Sanchez បានបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២មួយនេះ នឹងទទួលស្វាគមន៍សម្ពាធ ក្នុងការប្រកួតដ៏សំខាន់មួយនេះ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយកាលពីថ្ងៃចន្ទថា៖ «កីឡាករដឹងថា មានសម្ពាធ ប៉ុន្តែ ពួកគេកំពុងតែដោះស្រាយសម្ពាធនោះបានយ៉ាងល្អ។ យើងកាន់តែជឿជាក់បន្ថែមទៀតក្នុងពេលស្ថិតក្រោមសម្ពាធ»។

ការបិទច្រកចេញចូលទៅលើប្រទេសកាតា ជុំវិញការចោទប្រកាន់ថា ទីក្រុងដូហា បានគាំទ្រក្រុមភេរវកម្ម ដែលជាការចោទប្រកាន់កាតា ច្រានចោល បានរារាំងមិនឲ្យអ្នកគាំទ្ររបស់ក្រុមលោក Sanchez ធ្វើដំណើរទៅកាន់ប្រទេសអ៊េមីរ៉ាតអារ៉ាប់រួមបាន។ ប៉ុន្តែ អ្នកគាំទ្រសញ្ជាតិអូម៉ង់រាប់រយនាក់ ដែលបានចូលរួមលើកទឹកចិត្តដល់ក្រុមកាតា កំពុងតែព្យាយាមរកទិញសំបុត្រសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះបីសំបុត្រភាគច្រើនត្រូវបានផ្តល់ឲ្យអ្នកគាំទ្រម្ចាស់ផ្ទះដោយឥតគិតប្រាក់ក៏ដោយ។ លោក Sanchez ដែលក្រុមរបស់លោកបានផ្តួលកូរ៉េខាងត្បូង ១-០ ក្នុងវគ្គ៨ក្រុមចុងក្រោយនោះ បានឲ្យដឹងថា៖ «រហូតដល់ចំណុចនេះ វាកំពុងតែផ្តល់នូវការទាមទារសម្រាប់យើង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia