ការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League របស់ក្រុម Manchester City ត្រូវបានរំខានដោយចាញ់ដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Newcastle ស្របពេលដែលការសង្គ្រោះនៅជិតបញ្ចប់ការប្រកួតរបស់ក្រុម Manchester United បានរក្សាការមិនស្គាល់ចាញ់របស់លោក Ole Gunner Solskjaer ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Burnley កាលពីថ្ងៃអង្គារ។

Man City ត្រូវបានឈ្នះនៅកីឡដ្ឋាន St James’ Park ដើម្បីកាត់បន្ថយគម្លាតតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool មកនៅត្រឹម ១ពិន្ទុ នៅមុនពេលក្រុមហង្សក្រហម ត្រូវជួបជាមួយនឹងក្រុម Leicester នៅរាត្រីថ្ងៃពុធនេះ។ ការប្រកួតក្របខ័ណ្ឌលីកជាលើកទី១០០ របស់លោក Pep Guardiola ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Man City បានបង្កើតឲ្យមានរាត្រីដែលមិនអាចបំភ្លេចបានមួយសម្រាប់ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ។ ការរងបរាជ័យរបស់ក្រុមឈរលេខ២ Man City មានន័យថា Liverpool ដែលកំពុងតែសម្លឹងរកការឈ្នះពានរបស់អង់គ្លេសជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៩០ អាចបង្កើនការនាំមុខដល់ទៅ៧ពិន្ទុ តាមរយៈការយកឈ្នះលើក្រុម Leicester។

វាបានក្លាយជាលទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយ ខណៈដែល Man City បានចំណាយពេលត្រឹមតែ២៤វិនាទីប៉ុណ្ណោះ ដើម្បីរកគ្រាប់បាល់បើកឆាក។ ប៉ុន្តែ Man City បានបាត់បង់ទម្រង់លេងរបស់ខ្លួនបន្ទាប់ពីនោះ ត្រូវបានតាមស្មើវិញនៅនាទី ទី៦៦ មុននឹងក្រុម Newcastle បំពេញជ័យជម្នះរបស់ខ្លួននៅជិតបញ្ចប់ការប្រកួតតាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ។ លោក Guardiola បានឲ្យដឹងថា៖ «វាមិនមែនជាទម្រង់លេងដ៏ល្អបំផុតរបស់យើងឡើយ។ យើងបានចាប់ផ្តើមជាមួយនឹងគ្រាប់បាល់១គ្រាប់ ប៉ុន្តែ យើងមិនបានលេងស៊ីចង្វាក់គ្នាក្នុងការប្រកួតរបស់យើងឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia